សម្តេចតេជោនាយករដ្ឋមន្រ្តី - សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ ជំហានទី២ ក្រោមគម្រោងសហហិរញ្ញប្បទាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD

05 04 2017

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ ជំហានទី២ ក្រោមគម្រោងសហហិរញ្ញប្បទាន របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍAFDបានប្រារព្វពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹក ថ្ងៃទី៥មេសា ដោយបានការអញ្ជើញជាអធិប តីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីដ៏មានអត្ថន័យនោះក៏មានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ ព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត ព្រមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការនៃអង្គភាពរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងប្រជាពលរដ្ឋក្នុងរាជ ធានីភ្នំពេញជាច្រើនរូប។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍ថា ក្រសួងបានផ្តួចផ្តើមរៀបចំ គោលនយោបាយទឹកស្អាត របស់សម្តេចតេជោ ដែលកំណត់ថានៅឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅតាមទីក្រុង ទីប្រជុំជននៅទូទាំងប្រទេសចំនួន៩០% ត្រូវទទួលបានសេវាកម្មទឹក ស្អាតតាមបំពងសម្រាប់ប្រើប្រាស់និង១០%ទទួលបានទឹកស្អាតពីប្រភពផ្សេងៗ ដោយឈរលើបុរេលក្ខ ខណ្ឌ៤យ៉ាង ១ទឹកមានគុណភាព ២​ទឹកមានសុវត្តិភាព ៣ទឹកមាននិរន្តរភាព និង៤ទឹកមានតម្លៃថោក សមរម្យ។ឯកឧត្តមទេសរដ្ឋមន្រ្តីមានប្រសាសន៍បន្តថាពិតមែននេះជាគោលដៅដ៏ធំធេងនិងមានមហិច្ឆតាខ្ពស់ ប៉ុន្តែឯកឧត្តមមានសុទិដ្ឋិ និយមយ៉ាងមុតមាំថា នឹងអាច សម្រេចបាន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ក្នុងរយៈពេលកន្លងមក តាមរយៈកំណែទំរង់ស៊ីជំរៅក្នុងវិស័យទឹកស្អាត ក្រសួងបានខិតខំយកអស់ពី កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំខាន់ៗ រួមមានការកសាងឯកសារ គតិយុត្ត ការកសាង សមត្ថភាពរបស់រដ្ឋាករទឹកសាធារណៈ ការដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣កន្លែង បន្ថែមទៀត នៅ ទីរួមខេត្តមណ្ឌលគីរី កំពង់ចាម បាត់ដំបង និងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្ត ដទៃទៀត។ ការងារកែទម្រង់បញ្ញត្តកម្មទឹកស្អាត និងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ គោលនយោបាយ ផ្គត់ផ្គង់ទឹកស្អាតដល់​កម្មករ បុគ្គលិក សិស្ស និស្សិត ដែលកំពុងស្នាក់នៅតាមបន្ទប់ផ្ទះជួលប្រមាណជាង ១១៨ពាន់បន្ទប់ ដើម្បីទទួលបាន​តម្លៃទឹកស្អាតថោកសមរ្យពីរដ្ឋាករទឹក និងការជួយតាម រយៈ ការឧបត្ថម្ភ ធនដល់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ខ្សត់ខ្សោយឲ្យទទួលបានបណ្តាញផ្គត់ផ្គង់ទឹកមានចំនួនជាង ៣៤ ពាន់បណ្តាញ។

មានប្រសាសន៍សំណេះសំណាលទៅកាន់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអង្គភាពស្វយ័តរដ្ឋាករទឹកភ្នំពេញ ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិត ជាមានការសប្បាយរីករាយ នៅពេលដែលយើងទាំងអស់គ្នាទទួលបាននូវសមិទ្ធផលថ្មីមួយទៀតគឺប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៃយើង។តាមរយៈសមិទ្ធផលថ្មីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះរដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍដែលបានផ្តល់នូវប្រាក់កម្ចីក្នុងការស្ថាបនា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្នុងការបំពេញសេចក្តីត្រូវការនៃ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ជាមួយនិងសមិទ្ធផលថ្មីនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទិញយកផ្នែកផ្គត់ផ្គង់ទឹកស្អាតពីវិស័យឯកជន មកគ្រប់​គ្រង ដើម្បី ធានាដល់ការផ្គត់ផ្គង់តម្លៃសមរម្យដល់ប្រជាពលរដ្ឋប្រើប្រាស់ ពិសេសនៅតាមតំបន់មួយចំនួនដែល ទើបនឹងកាត់ចូលរាជធានីភ្នំពេញ។ជាមួយនិងការថ្លែងនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំ នៃអង្គ ភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គភាពស្វយ័តអគ្គិសនីកម្ពុជា ពិភាក្សា គ្នាក្នុងការបញ្ចុះតម្លៃអគ្គិសនីក្នុងការបូម ទឹក ក្នុងនោះរាប់ទាំងការប្រើប្រាស់ការបូមទឹកនៅពេលយប់ ដើម្បីបានកាត់បន្ថយដល់ការចំណាយលើប្រតិបត្តិការនិងដើម្បីឈានទៅបញ្ចុះតម្លៃថ្លៃទឹកជូនប្រជាពល រដ្ឋអ្នកប្រើប្រាស់ទឹក។ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បានស្នើឲ្យមានការពិភាក្សាគ្នា ក្នុងការ បង្កើតឲ្យមានអនុស្ថានីយ៍សម្រាប់ផ្គត់ផ្គង់អគ្គិសនី នៅតាមរោងចក្រផលិតទឹក​ស្អាត ក្នុងគោលបំណង ដើម្បីបង្ការនូវការអាក់ខានការផ្គត់ផ្គង់ទឹក នៅពេលដាច់ចរន្តអគ្គិសនីកើតឡើងម្តងៗ។ ទាក់ទិនទៅនិង ការស្ថាបនារោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ ជំហានទី២នេះដែរ សម្តេចតេជោនាយ ករដ្ឋមន្រ្តីមាន ប្រសាសន៍កោតសរសើរដល់រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលបាន ផ្តល់ប្រាក់កម្ចីក្នុង ការសាងសង់រោងចក្រនេះឡើង។

បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសប្បរសជន ចំនួន១០រូប ក្នុងនោះរួមមាន គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ ជូនឯកឧត្តម នេត្រ មុនី គ្រឿងឥស្សរិយយស ព្រះ​រា​ជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ជូនឯកឧត្តម សឹម ណារ៉ា ឯកឧត្តម ស៊ឹម ស៊ីថា លោក ឡុង ណារ៉ូ និងគ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហា សេនា ជូនឯកឧត្តម ចាន់ ពិសិដ្ឋ លោក កែវ សុវណ្ណរិទ្ធ លោក ជា វិសុទ្ធ លោក រស់ គឹមលាង លោក សំរិទ្ធ សុវិទ្យា និងលោកស្រី ងិន ចន្រ្ទា។ នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ ពីពិធីចែក អំណោយ ជូនដល់តំណាងសាលាខណ្ឌច្បារអំពៅ តំណាងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សិស្សកាយរិទ្ធ យុវជន កាកបាទក្រហមកម្ពុជា និងចាស់សិល៍វ័ន្ត ចាស់សិល៍វតីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្ម​ទឹក​ស្អាត​និរោធជំហាន ទី២ ក្រោមគម្រោងសហហិរញ្ញប្បទានរបស់រដ្ឋាករទឹក ស្វយ័ត ក្រុងភ្នំពេញ និងទីភ្នាក់ងារ​បារាំងសម្រាប់ការអភិវឌ្ឍ AFD  និងបានអញ្ជើញទស្សនាខ្សែសង្វាក់ផលិតកម្ម ក្នុងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ផងដែរ។ សូមបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និរោធជំហានទី២នេះ បានចាប់ផ្តើមសាង​សង់នៅថ្ងៃទី១ ខែសីហាឆ្នាំ២០១៤ ដោយក្រុមហ៊ុន វិនស៊ីខុនស្រ្តាក់ស្សិន មកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យ បច្ចេកទេសពីជនជាតិបារាំង។ គម្រោង នេះមានរយៈពេលសាងសង់ចំនួន ៣០ខែ និងចំណាយថវិកាចំនួន ៦០លាន ៩សែនដុល្លាអាមេរិក ក្នុង នោះថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២៤លាន៩សែនដុល្លា និង ថវិ​កាកម្ចីពី និងទី ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ចំនួន ៣០លានដុល្លា។ ការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ នៅខែវិច្ឆិកាឆ្នាំ២០១៦។ក្រោយពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ដាក់ឲ្យដំណើរការ អង្គភាពរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ និងអាចបម្រើ សេចក្តីត្រូវការទឹកស្អាតជូនប្រ ជាពលរដ្ឋរស់នៅសង្កាត់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បាន ប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧។ ការផ្តល់សេវាជូនប្រជាពលរដ្ឋ នឹងសម្រេចបាន ប្រមាណ ៨៥%។ អត្រានេះបានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំ ពេញ បានសម្រេចចំណុចដៅ នៃគោលដៅទី៧ ដែលមានចែងក្នុងគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា។