សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ

06 04 2017

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ គម្រោងផ្លូវនេះ បានចំណាយថវិកាសរុប ៧០.២៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប (Shanghai Group) និង ត្រួតពិនិត្យបច្ចេកទេស ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់ប្រទេសចិន ដែលប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គឺបានចាប់ ផ្ដើមពីខែ មករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន ជាពិសេសលោក ប្រធានាធិបតីចិនស៊ី ជីនពីង (Xi Jinping) ដែលបានជួយដល់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទំនាក់ទំនងកម្ពុជា-ចិន មិន អាចកាត់ផ្តាច់បានឡើយ ហើយមិត្តចិនតែងតែគិតគូពីការខ្វះខាតរបស់កម្ពុជា និងផ្តល់ជំនួយច្រើនជាងគេ។

នៅខែឧសភា ២០១៧ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមសន្និសីទស្តីពី “ផ្លូវមួយ ខ្សែក្រវាត់មួយ” និងទស្សនៈកិច្ចនៅប្រទេសចិនផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦នេះ នឹងរួមចំណែកយ៉ាងធំធេង ដល់ការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកាន់តែឆាប់រហ័ស ព្រមទាំងជួយសម្រួល ចរាចរណ៍ មានភាពងាយស្រួលជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងជួយបង្កើន ការអភិវឌ្ឍរីកចម្រើន នៅតាមតំបន់អមសងខាងផ្លូវ ព្រមទាំងទាក់ទាញ ការវិនិយោគ និងទេសចរណ៍ផងដែរ។ ពេលនេះគម្លាត ពីទីក្រុងនិងជនបទ គឺនៅមិនឆ្ងាយពីគ្នាទេ។

ភាពរីកចម្រើន និងការអភិវឌ្ឍន៍ ទាំងអស់នេះ អាចកើតមានឡើង ដោយសារប្រទេសយើង មានសុខសន្តិភាព ដែលវាមាន ការ ខុសគ្នាពីឆ្នាំ ១៩៧០-១៩៧៥ និង ១៩៧៥-១៩៧៩ ដែលពេលនោះប្រទេសយើងស្ថិត នៅក្នុងភ្លើងសង្គ្រាម ប្រជាពលរដ្ឋពេល នោះរស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា ដូចច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សានូវសន្តិភាពនេះ ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយបងប្អូន ប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចូលរួម ថែរក្សាផ្លូវនេះអោយបានគង់វង្សយូរអង្វែង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស សូមបានសប្បាយរីករាយ និងជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយគ្រឿង ឥស្សរិយ យស ដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធអោយ ប្រើប្រាស់ផ្លូវ ជាតិលេខ៦ ចាប់ពីពេលនេះតទៅ៕