សម្តេចប្រធានរដ្ឋសភាផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជាទើបតែងតាំង ប្រចំាប្រទេសនានា ធ្វើការគិតពីផលប្រយោជន៍ប្រទេសជាតិជាធំ

27 04 2017

“ចាប់ពីពេលនេះតទៅ  ឯកឧត្តម លោកជំទាវ ​គឺ​ជា​​ឥស្សរជន​ជាន់ខ្ពស់ តំណាងឱ្យព្រះរាជាណាចក្រ​កម្ពុជា ​នៅ​បរទេស ដូច្នេះ ហើយ តួនាទីរបស់ ឯកឧត្តម លោកជំទាវ ទាំងអស់​មានសារសំខាន់​ណាស់ សម្រាប់​ប្រទេសជាតិរបស់​យើង ទំាងវិស័យ នយោបាយ​ការ​បរទេស និងកិច្ចសហ​ប្រតិ​បត្តិកា​រអន្តរជាតិ វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ជាដើម។​” ទំាងនេះជាប្រសាសន៍ លើកឡើងរបស់ សម្តេចអគ្គ​ម​ហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំពោះមុខ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតប្រទេស កម្ពុជា ដែលទើបតែងតំាង ទៅ​បំពេញ​បេសកកម្មការទូត នៅតាមប្រទេសមួយចំនួន។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នេះ ឯកអគ្គរាជ​ទូតថ្មី​ ប្រ​ទេសកម្ពុជា ដែលទើបតែងតំាង​​ទៅ​បំពេញបេ​សកកម្ម​ការ​ទូត នៅ ប្រទេសចំនួន​៦ បាន​ចូលជម្រាបលានិងទ​ទួល​អនុ​សា​ស​ន៍ពីសម្តេចប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ឯកអគ្គរាជទូត ទំាងនោះ មាន លោកជំទាវ សឿង រដ្ឋចាវី ជាឯកអគ្គរាជទូតប្រចំាចក្រភពអង់គ្លេស ឯកឧត្តម ហោ ណាំ បូរ៉ា ឯកអគ្គរាជទូត ប្រចាំប្រទេសឥណ្ឌូនេស៊ី លោកជំទាវ ទូច  សុផារត្ន ឯកអគ្គរាជទូតប្រចំាប្រទេសអាល្លឺម៉ង់ ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូត ប្រចំាប្រទេសឡាវ ឯកឧត្តម ស៊ិន ប៊ុនធឿន ឯកអគ្គរាជទូត ប្រចំាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូតប្រចាំប្រទេសសឹង្ហបុរី។

សម្តេចអគ្គមហាពញាចក្រី បានលើកឡើងបន្តថា នៅក្នុងបេសកកម្មការទូតនេះ ឯកឧត្តម លោកជំទាវ គប្បី គិត​ពី​ផលប្រយោជន៍ ជាតិ ជាធំ ការពារផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ។ ត្រូវស្វែងយល់ ពីសុខទុក្ខពលករខ្មែរដែល​រស់នៅ និង ប្រកបអាជីវកម្ម ឬធ្វើការងារនៅប្រទេស ​ដែលឯកឧត្តម លោកជំទាវ ទទួល​ជាតំណាង ទោះបីស្ថិតក្នុងកាលៈ​ទេសៈ​​បែបណាក៏ ដោយ​។ ជាមួយគ្នាសម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើថា “ សូមឯកឧត្តម លោកជំទាវ បង្ក​រល​ក្ខណៈ​ងាយស្រួល ក្នុងការ​ធ្វើទំនាក់​ទំនង និងការ​ពារ​ផលប្រ​យោជន៍​ពលរដ្ឋយើងផង  ហើយត្រូវ បង្កើនកិច្ចសហប្រតិបត្តិការ​​ល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃ បណ្តាប្រទេសដទៃទៀត ប្រចាំ​នៅប្រទេសដែលឯកឧត្តម លោកជំទាវ  ជា​តំណាង​នៅ​ទីនោះ “ ។ សម្តេចបានជំរុញដល់ ឯកអគ្គរាជទូតកម្ពុជាទំាងអស់ ធ្វើការ​ផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ មកប្រទេសកម្ពុជាឲ្យបានច្រើន ដោយផ្អែក​លើសក្តានុពល ដែលប្រទេសកម្ពុជាមាន។ តំណាងឲ្យឯកអគ្គរាជទូត ទំាង៦រូប លោកជំទាវ សឿង រដ្ឋចាវី បានប្តេជ្ញា​ចិត្តចំពោះ​សម្តេច​ប្រធានរដ្ឋសភា ថានឹងខិតខំបំពេញការងារ ដោយអនុវត្តតាមអនុសាសន៍ល្អៗសម្តេច ឲ្យទទួល បានជោគជ័យ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន នៅក្នុងអាណត្តិការទូត របស់ខ្លួន៕