គជប បានចេញគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ឫជួលម៉ោងផ្សព្វផ្សាយ អោយគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត

02 05 2017

  នៅក្នុងវេទេការ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គជប បានបញ្ជាក់ថាៈ គជប បានចេញគោល ការណ៍​សម្រាប់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ឫជួលម៉ោងផ្សព្វផ្សាយ អោយគណបក្ស នយោបាយ ដើម្បីធ្វើកា​រផ្សព្វផ្សាយ​អំពីគោលនយោបាយ និងកម្មវិធី នយោបាយរបស់គណបក្ស ក្នុងអំឡុង ពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០១៧ ដល់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍ ដែលមានបំណងរៀបចំ​កម្មវិធី ផ្សព្វផ្សាយគោលនយោបាយ និងកម្ម វិធីនយោបាយ របស់គណបក្ស​ ដោយលក់ ឫជួលម៉ោងផ្សាយ​ ទៅអោយ​គណបក្សនយោបាយ ទាំងនោះ ប្រកបទៅ រលូន និងស្របតាមនីតិវិធី នៃច្បាប់ស្តីពីការបោះឆ្នោត គជប បានបញ្ជាក់ថាៈ​

  • ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសជាសាធារណៈ ​អំពីចំនួនម៉ោង ដែលខ្លួនមានសម្រាប់ លក់​ ឫជួល​ក្នុងរយៈពេល​ ០១ថ្ងៃ និងចំនួនម៉ោងដែលមាន សម្រាប់ ការលក់ឫជួលក្នុងរយៈពេល ១៤ថ្ងៃ នៃដំណាក់កាល​ឃោសនាបោះឆ្នោត។
  • ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈ អំពីតម្លៃដែលលក់ ឫជួលនោះ។
  • ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងអំពីការលក់ ឫជួលម៉ោងផ្សាយនេះ ​ទៅគ្រប់គណបក្ស នយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ ទី៤ ក្នុងរយៈពេលយ៉ាងតិច ១៥ថ្ងៃ មុនថ្ងៃ ចាប់ផ្តើមឃោសនាបោះឆ្នោត។
  •  ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរមក គជប អំពីចំនួនម៉ោង ដែល មានសម្រាប់លក់ ឫ ជួលអោយគណបក្សនយោបាយ និងអំពីម៉ោងផ្សាយដែលបានលក់ ឫជួល និង ឈ្មោះគណបក្ស នយោបាយដែល​បាន ទិញ ឫជួលម៉ោងផ្សាយ។

ជាមួយគ្នានេះ គជប បានបញ្ចាក់ដែរពី កម្មវិធីលក់ ឫជួលម៉ោងផ្សាយគណបក្សនយោបាយរួម មានៈ

  •  ការលក់ឫជួលម៉ោងផ្សាយ អោយគណបក្សនយោបាយ ធ្វើការផ្សព្វផ្សាយអំពីគោនយោបាយ របស់ គណបក្ស​នយោបាយ ត្រូវផ្អែកទៅតាម គោលការណ៍ ស្មើភាព តម្លៃស្មើគ្នា និងតាមលំដាប់មុនក្រោយ។

ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ត្រូវ យកចំនួនម៉ោងសរុបដែលលក់ ឫជួលចែកជាមួយនឹងចំនួន​គណបក្សដែល បានចូលរួមក្នុងការបោះ ឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ចលក់តែ​ចំណែកម៉ោង ដែលគណបក្ស នយោបាយនីមួយៗត្រូវទទួលបាន ទៅអោយគណបក្ស នយោបាយនីមួយៗ។

  •  ក្នុង ករណីមានគណបក្ស នយោបាយតិច ឫតែមួយមកទិញ ឫជួលម៉ោងផ្សាយ ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ អាចលក់ ឫជួលម៉ោង ផ្សាយអោយគណបក្ស នយោបាយ ដែលមានលទ្ធភាពទិញ ឫជួលនោះ នូវរយៈពេលយ៉ាងច្រើន ២ដង នៃរយៈពេលផ្សព្វផ្សាយតាមគោលការណ៍ស្មើភាព ដូចមានចែងក្នុងចំណុចទី២ ខាងលើ។
  •  ការលក់ ឫជួលម៉ោងផ្សព្វផ្សាយ អោយគណបក្សនយោបាយ មិនអនុញ្ញាតិអោយ ម្ចាស់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍ លក់ ឫជួលផ្តាច់មុខ អោយគណបក្ស នយោបាយណាមួយឡើយ។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គជប បានបញ្ចាក់ថា ក្នុងគណបក្សនយោបាយ នីមួយៗ គឺមាន រយៈពេល ត្រឹម តែ៦នាទី តែប៉ុណ្ណោះ ក្នុងការផ្សព្វផ្សាយតាម ប្រព័ន្ធផ្សព្វផ្សាយ និងមិនអោយ ផ្សព្វផ្សាយ លើសពី ២ដងក្នុងមួយថ្ងៃ (១២នាទី ក្នុង១ថ្ងៃ)។ គួបញ្ជាក់ផងដែរថា យុទ្ធនាកា​នៃការ ឃោសនាបោះឆ្នោត​ ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ត្រូវ បានចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ខាងមុខនេះ។ ព្រឹតការណ៍នេះមិន​ទាក់ទងនិង ទិវាចងកំហឹង​២០ ឧសភានោះទេ។