ពិធីបើកជំនួបពាណិជ្ជកម្មដើម្បីលើកកម្ពស់ការអភិេវឌ្ឍវិស័យសូត្រនៅកម្ពុជា

03 05 2017

នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបពាណិជ្ជកម្មរវាងវិស័យសូត្រកម្ពុជា ជាមួយ សហព័ន្ធសូត្រអន្តរជាតិនៃប្រទេសចិន ដើម្បីផ្តល់ឱកាសជូនតំណាងក្រុមហ៊ុនសូត្រកម្ពុជា និងចិន ធ្វើការផ្លាស់ប្តូរព័ត៌មាន និង ដកស្រង់បទពិសោធន៍ល្អៗទៅវិញទៅមក សំដៅជំរុញការអភិវឌ្ឍន៍ វិស័យសូត្រប្រណិតរបស់កម្ពុជា។ ពិធីនេះបានប្រព្រឹត្តិឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមប្រតិភូនៃសហព័ន្ធសូត្រអន្តរជាតិ និង តំណាងក្រុមហ៊ុនសូត្រកម្ពុជា ព្រមទាំងមន្ត្រីរាជការប្រមាណជាង ៥០រូប។

នៅក្នុងសុន្ទរកថា បើកកម្មវិធី ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវកិត្តិយសពីកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍវិស័យសូត្រប្រណិត តាមរយៈគម្រោងពិពិធកម្ម និងពង្រីកការនាំចេញ ដំណាក់កាលទី១ (CEDEP 1) នៃកម្មវិធី ពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងការបង្កើតគណៈកម្មការសូត្រជាតិ ជាមួយយុទ្ធសាស្ត្រ អភិវឌ្ឍន៍សូត្រជាតិ ឆ្នាំ ២០១៦ - ២០១២០។

“គម្រោងនេះ បានជួយពង្រឹងសមត្ថភាពផលិតករសូត្រកម្ពុជា ទាក់ទិនវិធីសាស្ត្រពិនិត្យគុណភាពសរសៃសូត្រ, ការរចនាម៉ូត ផលិតផល, ការរៀបចំផែនការ និងយុទ្ធសាស្ត្រទីផ្សារ, ការទំនាក់ទំនងជាមួយអតិថិជន, ការដោះស្រាយបញ្ហាផ្នែកបញ្ជាទិញ និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ” ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

“បច្ចុប្បន្ន គណៈកម្មការសូត្រជាតិរបស់យើង កំពុងប្រើប្រាស់យុទ្ធសាស្ត្រនេះ ធ្វើជាផែនទីបង្ហាញផ្លូវ ដើម្បីកៀងគរជំនួយ ហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមពីលេខាធិការដ្ឋាន EIF និងដៃគូអភិវឌ្ឍន៍អន្តរជាតិផ្សេងៗ សំដៅអភិវឌ្ឍន៍ចង្វាក់ តម្លៃសូត្រ ប្រណិតរបស់កម្ពុជា និងគាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតសូត្រកម្ពុជាទាំង ១៤” ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម។

យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានឲ្យដឹងថា ការផលិតវត្ថុធាតុដើម ពីសូត្រក្នុងមួយឆ្នាំ គិតជាមធ្យមមានចំនួន ៨០ពាន់តោន ហើយនៅក្នុងនោះសរសៃសូត្រជាង ៧០% មានប្រភពមកពីប្រទសចិន។ ពាណិជ្ជកម្ម សូត្រ សាកល ត្រូវបានគេប៉ាន់ស្មានមានតម្លៃប្រមាណ ២៥ពាន់លានដុល្លារ។ នៅក្នុងប្រទេសកម្ពុជា សូត្រត្រូវបានចាត់ទុកជា ផលិតផលអទិភាព ដែលមានសក្តានុពលនាំចេញ ដូចបានកំណត់ នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា CTIS ឆ្នាំ២០០៧ និងឆ្នាំ២០១៤ ដែលបានផ្តល់ការងារ និងប្រាក់ចំណូលជូនអ្នកតម្បាញ ជាស្ត្រីភាគច្រើននៅជនបទ ប្រមាណជា ២ម៉ឺននាក់៕