សម្តេច ប្រធានរដ្ឋសភា គំាទ្រកិច្ចសហប្រតិបត្តិលើការងារ លើកកម្ពស់តួនាទីស្រ្តី រវាងប្រទេសកម្ពុជា និងចិន

08 05 2017

សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅពេលទទួលជួបសវនាការ ជាមួយគណៈប្រតិភូសភាប្រជាជន ដឹកនាំ ដោយលោកជំទាវ សិន យៀកយៀក អនុប្រធានសភា តំណាងប្រជាជនចិន និងជាប្រធាន​សហព័ន្ធនារី ទូទាំងប្រទេសចិន  បាន លើកឡើងថា ក្នុងនាមរដ្ឋសភា សម្តេចសូមគំាទ្រចំពោះកិច្ចសហប្រតិការទំាងឡាយរវាងប្រទេសកម្ពុជានិងចិន ក្នុងជំរុញនិង លើកកម្ពស់តម្លៃ និងតួនាទីស្រ្តី នៅក្នុងប្រទេសទំាងពីរ។ លោកជំទាវ សិន យៀកយៀក បានដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឲ្យ កាន់តែរឹងមាំឡើង រវាងប្រទេស និងប្រជាជនទំាងពីរ ពិសេសបញ្ហាស្រ្តី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការ អញ្ជើញ របស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ហើយគណៈប្រតិភូបានចូលជួប សវនការជាមួយសម្តេច ប្រធាន រដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧​នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចចក្រី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូសហព័ន្ធនារី​ទូទំាង​ប្រទេសចិននាពេលនេះ បានរួមចំណែកដ៏សំខាន់ ដល់ការជំរុញលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ រវាង​ កម្ពុជា-ចិន ឲ្យកាន់តែរឹងមំាខ្លាំង​ក្លា និង​​ស៊ីជម្រៅថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា​ ក្នុងនាមប្រជាជនកម្ពុជា សម្តេចសូមថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងកំពុងបន្តជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ “កម្ពុជាគំាទ្រ គោលនយោបាយចិនតែមួយ និងតួនាទីដ៏មានសារៈសំខាន់របស់ចិន នៅ​លើឆាកអន្តរជាតិ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និង ការ ​អភិវឌ្ឍ ទំាងក្នុងតំបន់ និងពិភពលោក” នេះជាការគូសបញ្ជាក់របស់​​សម្តេចប្រធានរដ្ឋសភា។

លោកជំទាវ ប្រធានគណៈប្រតិភូបានគំាទ្រប្រសាសន៍ លើកឡើងដ៏មានអត្ថន័យ របស់សម្តេចប្រធានរដ្ឋសភា។ លោកជំទាវសិន យៀកយៀក បានថ្លែងអំណរគុណចំពោះសម្តេច ហេង សំរិន ដែលជាឥស្សរជនសំខាន់ មួយរូបបានខិតខំ ប្រឹងប្រែងធ្វើឲ្យ ទំនាក់ ទំនងកម្ពុជា និងចិន រីកចម្រើនជាលំដាប់ និងបានឈានដល់ចំនុចកំពូលមួយ ដែលមិនធ្លាប់មាន គឺជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ។ លោកជំទាវ សិន យៀកយៀក បានគូសបញ្ជាក់ថា ភាគីចិននឹងខិតខំអនុវត្តឲ្យ បានសម្រេច នូវផែនការ ដែល ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានឯកភាពគ្នា កើតចេញពីការជួបគ្នា ជជែកគ្នាជាច្រើនលើក ច្រើនសារមកហើយ ក្នុងការ ពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រ​តិបត្តិការ ដ៏ស្មោះត្រង់រវាង ប្រទេសទំាងពីរ កម្ពុជា -ចិន ដើម្បីនាំមកនូវផល ប្រយោជន៍ ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

លោកជំទាវប្រធាន គណៈប្រតិភូ មានសុទិដ្ឋិនិយមថា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នៃស្ថាប័ន រដ្ឋសភា កម្ពុជា និងចិន នាពេលកន្លងមកនោះ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមំារវាងកម្ពុជានិងចិន នឹងកើតមានឡើងព្រមគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចបានវាយតំលៃខ្ពស់ចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រទេស​​​ទំាងពីរ កម្ពុជា-ចិន ទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ និងវិស័យ​ដ៏​ទៃផ្សេងទៀត។ សម្តេច បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា សង្កេតឃើញ ដោយ​ពេញ​ចិត្ត ចំពោះការអនុវត្តឲ្យចេញជាលទ្ធផល ផ្លែផ្កាជាក់​ស្តែង ហើយបាន នាំមកនូវ ឧត្តមប្រយោជន៍យ៉ាងច្រើន​ សម្រាប់ប្រទេសទំាងសងខាង។

ជាមួយគ្នានេះ សម្តេច បានវាយតំលៃខ្ពស់ និងគាំទ្រពេញ​ទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងកិច្ចការនារី និង​សហព័ន្ធនារីទូទំាងប្រទេសចិន  ដើម្បីផ្លាស់ប្តូរបទពិ​សោធន៍​រវាងគ្នា សំដៅលើកកម្ពស់តួនាទីរបស់ស្រ្តី ក្នុងការចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិ។ តាមរយៈគណៈប្រតិភូ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានគោរពអញ្ជើញ ឯកឧត្តម ចាង តេជាង ប្រធានសភាតំណាង ​ប្រជាជនចិន ដឹកនាំ​គណៈប្រតិភូ​ ជាន់ខ្ពស់ សភាប្រជាជនចិន មកបំពេញ​ទស្សនកិច្ចជា​ផ្លូវការនៅ កម្ពុជា​នា ពេលខាងមុខផងដែរ៕