សិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងស្តីពីរបាំងពាណិជ្ជកម្មសេវានៅកម្ពុជា

12​ 06 ​2017

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ រៀបចំសិក្ខា សិលាពិគ្រោះយោបល់ អន្តរក្រសួងស្តីពី "របាំងពាណិជ្ជកម្មសេវានៅកម្ពុជា" ដោយផ្តោតសំខាន់ទៅលើវិស័យសុខាភិបាល និង ទេសចរណ៍ជាចម្បង ដើម្បីគាំទ្រដល់គម្រោង "ការផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ក្នុងក្របខ័ណ្ឌទីផ្សារអាស៊ានតែមួយ"។

សិក្ខាសាលានេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងក្រសួងពាណិជ្ជកម្ម និងមាន ការចូលរួមពីមន្ត្រីអន្តរក្រសួង, តំណាងអង្គការ GIZ, តំណាងសភាពាណិជ្ជកម្មអឺរ៉ុប, និងតំណាងដៃគូអភិវឌ្ឍន៍ ដែលកំពុងបម្រើ ការងារនៅក្នុងវិស័យទេសចរណ៍ និងសុខាភិបាល។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃសេវាពាណិជ្ជកម្ម មានដូចជាធុរកិច្ច សំណង់ អប់រំ ហិរញ្ញវត្ថុ សុខភាព និងទេសចរណ៍ សម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងនាំមកនូវការសន្ទនាកាន់តែផុសផុល, កិច្ចសហប្រតិបត្តិការ, ការផ្តួចផ្តើមនិងយុទ្ធសាស្រ្ត ដើម្បីកំណត់អត្តសញ្ញាណរបាំងអាទិភាពចំពោះពាណិជ្ជកម្មនៅក្នុងសេវាសុខាភិបាល និងទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាល ធ្វើការចងក្រងគោលជានយោបាយជាតិ សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងការផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) គឺជាកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសអាស៊ាន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ជាមួយរដ្ឋាភិបាលនៃប្រទេសអាឡឺម៉ង់ ដើម្បីជួយលើកកម្ពស់សេវាសុខាភិបាល និងការចល័ត ពលករជំនាញនៅក្នុងតំបន់។ គម្រោងនេះ មានទឹកប្រាក់សរុបចំនួន ៦លានអឺរ៉ូ ហើយត្រូវបានអនុវត្តន៍ដោយអង្គការ GIZ ចាប់ តាំងពីខែសីហា ឆ្នាំ២០១៥ ហើយនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៕