ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រោមប្រធានបទ« ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជិវិត សហគមន៍គ្មានគ្រឿងញៀន»

26 06 207

កម្ពុជាប្រារព្ឋទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន យ៉ាងអធឹកអធម នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានមនុស្សមកពីស្ថាប័ន្ពាក់ព័ន្ឋ និងសិក្សានុសិស្សរាប់ពាន់នាក់ ដើម្បីពង្រឹងការផ្សព្វផ្សាយការយល់ដឹង និងប្រយុទ្ឋប្រឆាំងនឹងគ្រឿងញៀន អោយបានខ្លាំងក្លាថែមទៀត។

 ឯកឧត្ដម នាយឧត្ដមសេនីយ មាស រីរិទ្ធ អគ្គលេខាធិការអាជ្ញាធរ គ្រឿងញៀនកម្ពុជា តែងតែ ប្រារព្ធ ទិវាយល់ដឹងពីគ្រឿងញៀនជារៀងរាល់ឆ្នាំមិនខកខានឡើយ ដើម្បីជាការដាស់ស្មារតី ពញាក់អារម្មណ៍ និង ក្រើនរំលឹកហើយក្រើនរំលឹកទៀតពីគ្រោះថ្នាក់នៃគ្រឿងញៀន បញ្ជ្រាបទៅដល់យុវជន អាណាព្យាបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដោយជៀសឆ្ងាយនិងចូលរួមទាំងអស់គ្នា ទប់ស្កាត់ បង្ការគ្រឿងញៀន។

 ទន្ទឹមនឹងនេះ ដែរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាសមាជិក និងជាសេនាធិការ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំងក្លា និងមោះមុតក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រ ពហុវិស័យទាំងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដោយក្នុងនោះ ក្នុងកម្រិតតំបន់ បានចូលរួម ក្នុងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងក្នុងកម្រិតទ្វេភាគី ត្រីភាគី និងពហុភាគី ។

កន្លងមក តាមរយៈការខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាល បានធ្វើឲ្យការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្នុងឆ្នាំ២០១៦កន្លងទៅ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដូចជា៖ ការផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន និងឲ្យភ្ញាក់រលឹកទៅលើ សេវាព្យាបាល ស្ដារនីតិសម្បទា បានចំនួន ១៣.៧៧៤.៧៣៩នាក់ និងបណ្ដុះបណ្ដាល ជនបង្គោលបន្ថែមបានចំនួន ២.៨៣១នាក់, រកឃើញ និងកត់ត្រាចំនួនអ្នក ប្រើគ្រឿងញៀនបានកើនដល់ ២០.៦២១នាក់ (ឆ្នាំ២០១៥ ចំនួន ១៦.៥៧៥នាក់) កើនជាង ២៤%, អ្នកប្រើគ្រឿងញៀន ដែលបានចូលទៅទទួល សេវាព្យាបាលមានចំនួន ១១.៦០១នាក់ (ឆ្នាំ២០១៥ ចំនួន ៧.៧៥៣នាក់) ស្មើនឹង៥៦,២៥% នៃចំនួនអ្នកញៀនសរុប, សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ប្រភេទ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤.១៤៦ករណី, ចាប់ជនសង្ស័យបានចំនួន ៩.៩៣៣នាក់ និងរឹបអូសគ្រឿងញៀន បានចំនួនជាង ១៧៩គីឡូក្រាម និងចាប់យកវត្ថុតាង ជាច្រើនទៀត។ សូមបញ្ជាក់ថា នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្មតិកិច្ចបានធ្វើការ ដុតបំផ្លាញ​គ្រឿងញៀន ចំនួនជាង​១២៦​គីឡូក្រាម​ផងដែរ។