សម្តេចតេជោនាយករដ្ឋមន្រ្តី- ប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល

26-06-2017

កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៦ និងសិក្ខាកាមវគ្គគណះគ្រប់គ្រង​គ្រឹះស្ថាន​​សិក្សារាជធានីភ្នំពេញ នៃក្រសួងអប់រំយុវជន និងកីឡាមានចំនួន ៧៥១នាក់បានទទួលវិញ្ញាបន​បត្រ​ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបើកវគ្គ​បណ្ដុះ​បណ្ដាលថ្មី នៅសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៧ នៅក្នុងពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៦​មិថុនា ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអោយដឹងថា កម្មសិក្សាការី មន្ត្រី​ជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៦ និងសិក្ខាកាមវគ្គគណះគ្រប់គ្រងគ្រឹះស្ថានសិក្សារាជធានីភ្នំពេញ នៃ​ក្រសួង​អប់រំយុវជន និងកីឡាមានចំនួន ៧៥១នាក់ និងពិធីបើកវគ្គបណ្ដុះបណ្ដាលសិស្សមន្ត្រីក្រមការជំនាន់ទី៧ វគ្គវិក្រឹដការកម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៧ និងសិក្ខាកាមវគ្គមន្ត្រីក្រប​ខណ្ឌថ្មីឆ្នាំ​២០១៦​មានចំនួន ១ពាន់៤៥៧នាក់។ឯកឧត្ដមរដ្ឋមន្រ្តីបន្តថា វគ្គបណ្ដុះបណ្ដាលនេះ សាលាភូមិន្ទរដ្ឋ​បាល​ បាន​ធ្វើការពង្រឹងនិងពង្រីកជាប្រចាំប្រកបដោយគុណភាព និងបរិមាណ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ នៃ​ការលើកកម្ពស់សមត្ថភាពដឹកនាំគ្រប់គ្រង និងប្រតិបត្តិរបស់មន្ត្រីសាធារណៈ។ អនុលោកមតាមកម្មវិធី​កំ​ណែ​ទម្រង់ទាំងឡាយរបស់រាជរដ្ឋា ភិបាលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣រួមមាន កំណែ​ទម្រង់​រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការកំណែទម្រង់តាមវិស័យ។ឯកឧត្ដមរដ្ឋមន្ត្រី មាន​ប្រសាសន៍បញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលដំបូង សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់និងមធ្យម ត្រូវបាន​អនុ​វត្ត​ផ្ដើម​ចេញពីការជ្រើសរើសតាមរយៈការប្រលងប្រជែងយ៉ាងសម្រិតសម្រាំង ហើយការសិក្សាមាន​រយៈពេល​២ឆ្នាំនិង១ឆ្នាំ។ ក្នុងរយៈពេលកន្លងមក សាលាបានបណ្ដុះបណ្ដាលសិស្សមន្ត្រីជាន់ខ្ពស់ មាន៨ជំនាន់ សិស្ស​មន្ត្រីមធ្យម ៣ជំនាន់ និងសិស្សមន្ត្រីក្រមកា៦ជំនាន់ ដែលសរុបមានចំនួន ១០២៨នាក់។ បច្ចុប្បន្ននេះ សាលាបាន និងកំពុងបណ្ដុះបណ្ដាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី៩ និងសិស្សមន្ត្រីក្រមការជំនាន់ទី៧ចំនួន ១៦៩នាក់។ ជាមួយគ្នានេះដែរ សាលាក៏កំពុងដំណើរការបណ្ដុះបណ្ដាល​តម្រង់ទិសដំបូងដល់​មន្ត្រីថ្មីពី​ក្រសួង ស្ថាប័ន ចំនួន៣៧២នាក់ផងដែរ។ មានប្រសាសន៍សំណេះសំណាលទៅកាន់សិក្ខាកាមជ័យលាភី និងសិក្ខាកាមដែលត្រូវចូលធ្វើការបណ្តុះបណ្តាលក្នុងឆ្នាំសិក្សាថ្មី នៅសាលាភូមិន្ទរដ្ឋបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ធ្វើការទូន្មានជូនដល់មន្រ្តីទាំងអស់ ត្រូវធ្វើជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ ផ្ទុយទៅវិញមិនមែនធ្វើជា ចៅហ្វាយនាយនោះទេ និងជាមួយគ្នានេះ មន្រ្តីត្រូវតែចេះរួមសុខរួមទុក្ខជាមួយនិងប្រជាពលរដ្ឋ ពិសេសត្រូវ ចេះទទួលខុសនិងត្រូវ មិនមែនទទួលតែត្រូវហើយទម្លាក់កំហុសទៅអ្នកដទៃនោះទេ។ សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ដំបូងត្រូវយល់ឲ្យច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិន មែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋទេ។ នេះគឺជាចំណុចសំខាន់លោកដំបូងបំផុត ដែលមន្រ្តីទាំងអស់ យល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួន មិនមែនជាចៅហ្វាយនាយទេតែផ្ទុយទៅវិញគឺជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ​។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគឺជាចៅហ្វាយនាយ ឯមន្រ្តីគឺជាខ្ញុំ បម្រើ។ អញ្ចឹងត្រូវធ្វើយ៉ាងម៉េចឲ្យចៅហ្វាយនាយពេញចិត្ត នេះគឺជាបញ្ហាដែលមន្រ្តីរបស់យើងត្រូវរៀបចំ ឥរិយាបថបែបណា ដើម្បីឆ្លើយតបជាមួយចៅហ្វាយ នៅពេលដែលចៅហ្វាយនាយត្រូវការ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានផ្តល់នូវដំបូន្មានដល់មន្រ្តីទាំងអស់ មិនត្រូវធ្វើឥរិយាបថក្រអើតក្រទមដាក់ ប្រជាពលរដ្ឋនោះទេ ពោលគឺត្រូវអនុវត្តតាមសុភាសិតខ្មែរដែលបានពោលថា ងើយស្កក ឱនដាក់គ្រាប់ ជា​គតិសម្រាប់មន្រ្តីរាជការទាំងអស់ ត្រិះរិះពិចារណានៅពេលខ្លួនចេញទៅបម្រើការងារជូនប្រជាពលរដ្ឋ។ ជា​មួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ និង កោតសេសើរជូន ដល់ថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់ជួរមន្រ្តីរាជការយើង ពិ សេសបានរួមចំណែកដល់កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យមន្រ្តីរបស់យើងកាន់តែមាន ភាពរឹងមាំក្នុងការដឹកនាំនិងបម្រើប្រជាពលរដ្ឋ។ ជាមួយនិងការថ្លែងដែលបានចំណាយពេលប្រមាណ ១ ម៉ោងនិង៥៣នាទី សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសទទួលស្គាល់នូវលទ្ធផល នៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្គាត់ អណត្តិទី៤ ដែលគណះកម្មាធិការជាតិរៀបចំការបោះ ឆ្នោតប្រកាស នូវលទ្ធផលផ្លូវការកាលពីថ្ងៃទី២៥មិថុនាម្សិលមិញ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា សន៍បន្តថា បើទោះបីដំណើរការមិនទាន់សុក្រិត១០០%ក៏ពិតមែន តែយើងចាត់ទុកថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ហើយលទ្ធផលអាចទទួលយកបានពី​គ្រប់គនបក្សនយោបាយនានា រួមទាំងសហគមន៍អន្តរជាតិផងដែរ។  បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៦ និង​សិក្ខាកាមវគ្គគណះគ្រប់គ្រង​គ្រឹះស្ថាន​​សិក្សារាជធានីភ្នំពេញ នៃក្រសួងអប់រំយុវជន និងកីឡាមានចំនួន ៧៥១នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយលទ្ធផល ដ៏ត្រចះត្រចង់នៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ ២០១៦កន្លងទៅ។ សូមបញ្ជាក់ដែរថា គិតរហូតមកដល់ចុងឆ្នាំ២០១៦ សាលាភូមិន្ទរដ្ឋបានបានធ្វើការ​បណ្តុះបណ្តាលចំនួន២៤វគ្គ មានសិក្ខាកាមសរុប ៤ពាន់៥៤៥នាក់។ ចំនួនកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ មន្រ្តីមធ្យម ត្រូវបានបង្កើនឡើងពីចំនួន១៩៦នាក់ក្នុងឆ្នាំ២០១៥ ឡើងដល់ចំនួន៥០២នាក់ ក្នុងឆ្នាំ​២០១៦ និងចំនួន៤២១ក្នុងឆ្នាំ២០១៧។ មន្រ្តីរាជការដែលចូលរៀនវគ្គសិក្សានៅសាលាភូមិន្ទរដ្ឋបាល ត្រូវបានឆ្លង កាត់ការប្រឡងត្រួតពិនិត្យសមត្ថភាព និងការអនុញ្ញាតពីក្រសួងស្ថាប័ននានា។ ក្នុងឆ្នាំ២០១៧នេះដែរ សាលាភូមិន្ទរដ្ឋបាលក៏បានរៀបចំវគ្គបណ្តុះបណ្តាលដល់គណះគ្រប់គ្រង គ្រឹះស្ថានសិក្សារាជធានីភ្នំពេញ នៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណះ និងក្រសួងអប់រ យុវជន និងកីឡា។ សូមបញ្ជាក់ដែរថា នៅក្នុងពិធីចែកវិញ្ញាបនបត្រនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន ចែកវិញ្ញាបនបត្រជូនដល់តំណាងកម្មសិក្សាការីចំនួន ៤៤អង្គ នាក់ ក្នុងចំណោមកម្មសិក្សាការីជ័យលាភី​ទាំង៧៥១នាក់ ដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ ២០១៦កន្លងទៅ។