កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ពិព័រណទេសចរណ៍អន្តរជាតិលើកទី១នៅសៀមរាប

27-06-17

ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិប្រចាំឆ្នាំ  (Cambodia Travel Mart) លើកទី១ នៅខេត្តសៀមរាប ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយរួម សហការ ជាមួយក្រុមហ៊ុន ឯកជន ក្នុងស្រុក SlickBooth  និងក្រុមហ៊ុន ជំនាញរៀបចំ ពិព័រណ៍ទេសចរណ៍អន្តរជាតិ របស់ពិភពលោក TTG Asia មកពីប្រទេសសឹង្ហបុរី ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួម ពិធីផ្សព្វផ្សាយ ពិព័រណទេសចរណ៍កម្ពុជា ឆ្នាំ២០១៧ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារ ណាហ្កាវើល ។ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ការសំរេចបង្កើតឡើង នូវព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍អន្តរជាតិ(Cambodia Travel Mart) នៅឆ្នាំ២០១៧នេះ គឺជាពេលវេលា ដ៏សមស្របបំផុត សម្រាប់កម្ពុជា យើងក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ និងពិភពលោក ដើម្បីបង្ហាញអំពីសមត្ថភាព លទ្ធភាព និងការត្រៀមលក្ខណៈរួចជាស្រេច របស់យើង ក្នុងការទាក់ទាញ និងបម្រើទេសចរ ពីគ្រប់ទិសទី ។ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរបាយការណ៍ របស់អង្គការទេសចរណ៍ ពិភពលោក (UNWTO) ឆ្នាំ២០១៦ ពិភពលោក ទទួលបានទេសចរ អន្តរជាតិចំនួន ១២៣៥លាននាក់ កើនឡើង៣,៩% ធៀបនឹងឆ្នាំ២០១៥។ តាមការព្យាករណ៍ នៅឆ្នាំ២០៣០ ពិភពលោក នឹងទទួលបានទេសចរ អន្តរជាតិប្រមាណ ១៨០០ លាននាក់ ។ ចំណែក កម្ពុជា ក្នុងឆ្នាំ២០១៦ ទទួលបានទេសចរ អន្តរជាតិ ចំនួនជាង៥លាននាក់ កើនឡើង ៥% ក្នុងនោះប្រភពទីផ្សារ ដែលផ្គត់ផ្គង់ ទេសចរមកកាន់កម្ពុជា សំខាន់ៗមានដូចជា មកពីតំបន់ អាស៊ីប៉ាស៊ីហ្វិចមានចំនួន ៣លាន៨សែននាក់ ស្មើនឹង ៧៧% មកពីអឺរ៉ុប មានចំនួនជាង ៧សែននាក់ ស្មើនឹង ១៥.៣% មកពីអាមេរិចមានចំនួនជាង ៣សែននាក់ ស្មើនឹង ៧ % មកពីអាហ្រ្វិកមានចំនួនជាង ១ម៉ឺននាក់ ស្មើនឹង ០,២%   និងមកពីមជ្ឈឹមបូព៌ាចំនួន ១ម៉ឺននាក់ ស្មើនឹង ០,៣% ។ឯកឧត្តម ថោង ខុន បានរម្លឹកថា សម្រាប់រយៈពេល ៤ ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១លាន ៩ សែននាក់ កើនឡើង ១២% ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិច មានចំនួនច្រើនជាងគេ ដល់ទៅ ១ លាន ៣ សែននាក់ ស្មើនឹង ៧២.៣% នៃទេសចរអន្តរជាតិសរុប មកម្ពុជា ។ ទន្ទឹមនោះយើងរំពឹងថាក្នុងឆ្នាំ ២០១៧ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៥ លាននាក់ ហើយនៅឆ្នាំ២០២០ ៧លាននាក់ ។ឯកឧត្តម  រដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីជំរុញ កំណើនទេសចរ ពីប្រភពទីផ្សារ អាទិភាពខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ និងផែនការយុទ្ធសាស្រ្ដទីផ្សារទេសចរណ៍កម្ពុជា ២០១៦-២០២០ ស្របពេលជាមួយនឹងតំបន់អាស៊ានក៏បានដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០១២-២០១៥ និងផែនការយុទ្ធសាស្រ្ដទេសចរណ៍អាស៊ាន ២០១៦-២០២៥ផងដែរ ។

យ៉ាងណាក៏ដោយ ឯកឧត្តម រដ្ឋមន្ត្រី បានអះអាងថា យុទ្ធសាស្រ្ដទីផ្សារ ទេសចរណ៍កម្ពុជា បានកំណត់យកទីផ្សារ អាទិភាពសំខាន់ៗ       ដូចជា តំបន់អាស៊ីប៉ាស៊ីហ្វិច ដែលមានប្រទេសចិន ជាប្រភពទីផ្សារ ដ៏មានសក្ដានុពលបំផុត ។ បន្ទាប់មកទីផ្សារ ឥណ្ឌា ទីផ្សារអាស៊ាន ដែលមាន១០ប្រទេស រួមទាំងទីផ្សារអឺរ៉ុប ទីផ្សារអាមេរិច និងទីផ្សារមជ្ឍឹមបូព៌ា ព្រមទាំងទីផ្សារតាមចំណង់ចំណូលចិត្តរបស់ទេសចរណ៍មួយចំនួនទៀត ៕