សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្ត វៀតណាម

20 07 2017

នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈ កម្មាធិការបក្ស កុម្មុយនីស្តវៀតណាម។ លោក ង្វៀន ហ៊្វូជុង បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងវៀតណាម ដែលគិត មកដល់ពេលនេះ មានរយៈពេល៥០ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះប្រទេសទាំងពីរបានឆ្លងកាត់ការតស៊ូ និងសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកសន្តិភាព និង ស្ថេរភាព ដែលជាកត្តាចលករក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជាអោយ មានការរីកចម្រើន មកទល់ពេលនេះ។ ទន្ទឹមនេះដែរ លោក ង្វៀន ហ៊្វូជុង បានស្នើសុំអោយប្រទេសទាំងពីរ ជម្រុញការតភ្ជាប់ អោយកាន់តែស៊ី ជម្រៅ តាមរយៈស្ថាប័នរដ្ឋ វិស័យអប់រំ យុវជន និងវិស័យសេដ្ឋកិច្ចជាដើម គឺធ្វើយ៉ាងណាពង្រីកទំហំ ពាណិជ្ជកម្ម ទ្វេភាគី អោយ កើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥ខាងមុខ។

នៅក្នុងជំនូបនេះដែរ លោក ង្វៀន ហ៊្វូជុង ក៏បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលជោគជ័យ របស់គណបក្ស ប្រជាជន កម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កន្លងមក នេះ។ នៅក្នុងទំនាក់ទំនងដ៏ល្អ រវាងប្រទេស ទាំងពីរនេះ លោក ង្វៀន ហ៊្វូជុង បានជំរាបជូនសម្តេចតេជោថា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់ ជំនួយជាថវិកា ចំនួន ២៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អគារ អគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណ ចំពោះការផ្តល់ជំនួយថវិកានេះថា គឺជាចំណងដៃដ៏ធំមួយ សម្រាប់ពង្រឹង នីតិរដ្ឋ របស់កម្ពុជា។ បន្ថែមពីនេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានគាំទ្រ ចំពោះការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក របស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំដល់ភាគីវៀតណាម ជួយជម្រុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើន និងជម្រុញអោយមាន កិច្ចសហការ គ្នារវាង ស្ថាប័ន និងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់រាល់អំពើរឧក្រិដ្ឋឆ្លងដែននានា ដែលអាច នឹងកើត មានឡើងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន និង លោក ង្វៀន ហ៊្វូជុង បានអញ្ជើញ ចូលរួម ជា សក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសាររវាងប្រទេសកម្ពុជា និងវៀតណាម មានដូចជា៖ ១) សេចក្តីថ្លែងការណ៍រួម ស្តីពីការ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រី ការបរទេសវៀតណាម ឯ.ឧ. ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯ.ឧ. ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ២.) ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់ សេដ្ឋកិច្ចកម្ពុជា -វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ឯ.ឧ. ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួងផែនការ កម្ពុជា ឯ.ឧ. ទេសរដ្ឋមន្ត្រី ឆាយ ថន។ ៣) អនុស្សារណៈនៃការ យោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ គម្រោងរោង ចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូន អគ្គិសនី និងពាណិជ្ជកម្មថាមពលដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម ឯ.ឧ ត្រាន់ តួនអាញ់ និង រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯ.ឧ. ស៊ុយ សែម ។ ៤). សកម្ម ភាពសង្គ្រោះ គ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក ដែលចុះហត្ថលេខាដោយ អនុរដ្ឋ មន្ត្រីក្រសួងការពារជាតិវៀតណាម ឯ.ឧ. ង្វៀន ជីវិញ និង រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា ឯ.ឧ. នាង ផាត ៥) អនុស្សារណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន ( NIPTICT)នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ កម្ពុជា ជាមួយក្រុម ហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) ដែលចុះហត្ថលេខាដោយ អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា លោក ង្វៀន ថាញ់ញឿង និង ប្រធានវិទ្យាស្ថានប្រៃសណីយ៍ ឯ.ឧ. សេង សុភាព ។

កាលពីរសៀលថ្ងៃដដែលនេះ លោក ង្វៀន ហ៊្វូជុង បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ឋបុព្វបុរសខ្មែរ នៅវិមាន ឯករាជ្យ ព្រមទាំង បានចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅព្រះបរមរាជវាំង។ នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត នឹងអញ្ជើញ ដង្ហែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រះបរមរាជវាំង ផងដែរ៕