អតីតចៅហ្វាយក្រុង ជាប់គុករឿងពុករលួយ និង បំពានផ្លូវភេទ បុគ្គលិកស្រី

ព្រហស្បតិ៍ ២៦ ធ្នូ, ២០១៣ ម៉ោង ០៧:៥៦

អតីតចៅហ្វាយក្រុង Tira នៃប្រទេសអ៊ីស្រាអែល ត្រូវបានជាប់ទោស ពីបទពាក់ព័ន្ធនឹង អំពើចាប់រំលោភបុគ្គលិកស្រី រួមទាំងអំពើស៊ីសំណូក។

តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា អតីតចៅហ្វាយក្រុងនេះ មានឈ្មោះថា Khalil Qassem ត្រូវបានតុលាការនៅក្នុងទីក្រុង Kfar Saba កាត់ទោសកាលពីថ្ងៃពុធ ដោយត្រូវជាប់គុកចំនួន ៥ឆ្នាំ ក្រោយពីជាប់ទាក់ទង នឹងអំពើស៊ីសំណូក បោកបញ្ឆោតភាពជឿជាក់ និងមានបំណងរំលោភបុគ្គលិកស្រីរបស់ខ្លួន។ ជាការពិតណាស់ លោក Qassem ធ្លាប់បានបម្រើជា ចៅហ្វាយក្រុង២អាណ្ដិត គឺពីឆ្នាំ ១៩៩៨ ដល់ ២០០៨ តែត្រូវបានឃាត់ខ្លួន កាលពីឆ្នាំ ២០០៦ ជាមួយនឹង ការសើុបអង្កេតដ៏វែងអន្លាយ។ 

ជាមួយគ្នានោះ អតីតចៅហ្វាយក្រុងមួយនេះ បានលួចបន្លំលក់ទ្រព្យសម្បត្ដិរដ្ឋទៅ កាន់ឈ្នួញអភិវឌ្ឍន៍ឯកជន ជាការដោះដូរទៅនឹងប្រាក់សំណូក។ នៅក្នុងនោះ លោកក៏បានលក់ទ្រព្យសម្បត្ដិរដ្ឋបន្ថែមទៀត ទៅកាន់ ក្រុមហ៊ុនមួយ ដែលម្ចាស់ក្រុមហ៊ុនគឺជាប្អូនប្រុសថ្លៃខ្លួន។ បន្ថែមពីនោះលោកបាន ទទួលប្រាក់សំណូក ពីក្រុមហ៊ុនអគ្គិសនីឯកជនមួយ ដើម្បីអនុញ្ញាតឲ្យការ ចែកចាយនៅក្នុងតំបន់ ដែលខ្លួនគ្រប់គ្រង ដោយគាត់បានទទួលប្រាក់ចំនួន ៥,៧០០ ពេលដំនាក់កាលដំបូង និងទទួលប្រាក់ ចំនួន ១,៤០០ ដុល្លារអាមេរិកជារៀងរាល់ខែ។ 

ម្យ៉ាងវិញទៀត គាត់បានជាប់ទោស ពីបទរំលោភ និងបំពានផ្លូវភេទ ក្រោយពីគាត់ប៉ះដើមទ្រូងបុគ្គលិកស្រី និងដាក់ដៃចូលទៅក្នុងសំពត់របស់នាង នៅពេលដែលបើករថយន្ដ។ 

តើប្រិយមិត្ដយល់យ៉ាងណា? នៅពេលដែលប្រទេសមួយ មានចៅហ្វាយក្រុងស៊ីសំណូក និងល្មោភកាមបែបនេះ?

រូបភាពតំណាង