សម្តេចតេជោនាយករដ្ឋមន្រ្តី - អនុញ្ញាតឲ្យយុវជននិងនិស្សិតកម្ពុជាប្រមាណ ១០០នាក់ ដែលកំពុងសិក្សានៅប្រទេសជប៉ុន ចូលជួបសំដែងការគួរសម

07 08 2017

និស្សិតកម្ពុជាប្រមាណ ១០០នាក់ ដែលកំពុងសិក្សារៀនសូត្រ នៅប្រទេសជប៉ុន ត្រូវបានសម្តេចតេជោ នាយក​រដ្ឋមន្រ្តី អនុញ្ញាត ឲ្យចូលជួបសំដែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ ពីសម្តេចតេជោ ដើម្បីជាប្រទីបបង្ហាញ ផ្លូវ ​ក្នុងការសិក្សា រៀន សូត្រ។ ក្នុងជំនួបពិភាក្សា ដែលធ្វើឡើង នៅសណ្ឋាគារញ៉ូអូតានី ដែលជាកន្លែងស្នាក់នៅរបស់ សម្តេចតេជោក្នុងទីក្រុង​តូក្យូ ប្រទេសជប៉ុន បន្ទាប់ពីការអញ្ជើញទៅដល់របស់សម្តេច នៅទីក្រុងតូក្យូ ប្រមាណ១ម៉ោង​និង៣០នាទី លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ ប្រទេសជប៉ុន មានប្រសាសន៍ជំរាបជូន សម្តេច តេជោថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសជប៉ុន មានប្រ​មាណ៧៥០នាក់ ក្នុងនោះតាមរយះការបណ្តុះបណ្តាលខ្លីៗ ក្នុងក្របខណ្ឌ របស់អង្គការចៃកា មានចំនួនប្រមាណ ១៥០នាក់ ក្នុង១ឆ្នាំៗ និងវគ្គសិក្សា ថ្នាក់អនុបណ្ឌិតមានចំនួន ២៤នាក់ ក្នុង ១ឆ្នាំ ក្រៅពីនោះមាននិស្សិតអាហារូប​ករណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ជាមធ្យមមានចំនួន៤២នាក់ក្នុង១ឆ្នាំ មកសិក្សា ថ្នាក់ឧត្តមសិក្សាជំនាញ បច្ចេកទេស និងស្រាវជ្រាវនៅប្រទេសជប៉ុន។ លោកជំទាវបន្តថា ស្ថានឯកអគ្គរាជទូតកម្ពុជា តែងតែយក ចិត្តទុកដាក់ ដល់សុខទុក្ខរបស់ និស្សិតខ្មែរ ដោយផ្តល់ការឧបត្ថម្ភទាំងស្មារតី និងសម្ភារះដល់រាល់សកម្មភាពវប្បធម៌ និងមនុស្ស ធម៌ របស់សមាគមន៍និស្សិតខ្មែរជារៀងរហូតមក។

   មានប្រសាសន៍សំណេះសំណាល ទៅកាន់និស្សិត ដែលកំពុងសិក្សា ក្នុងប្រទេសជប៉ុន សម្តេចតេជោនាយករដ្ឋ មន្រ្តីបានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព សិក្សារបស់និស្សិតទាំងអស់ ដែលបានខិតខំ​ប្រឹង​ប្រែងអស់ពី សមត្ថ ភាព ក្នុងការសិក្សារៀនសូត្រ នៅប្រទេសជប៉ុន។ ជាមួយនិងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋ មន្រ្តី បានធ្វើការគូសបញ្ជាក់ពីសភាពការណ៍នយោបាយ សេដ្ឋ​កិច្ចរបស់ប្រទេសកម្ពុជា ពិសេស​សម្តេចបានធ្វើការផ្តាំផ្ញើរ ដល់និស្សិត ទាំងអស់ ត្រូវធ្វើការ តាមដាន​ពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងពី​សភាព​ការណ៍ពិតរបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវិទ្យា​នៃ​សម័យ​​សកលភាវូបនីយកម្ម ដ៏ទំនើបរបស់យើង ពិសេស​ទៅទៀតនោះ ត្រូវចេះពិចារណា នូវរាល់ចំណុច​ វិជ្ជ​មាន​ដែល រាជរដ្ឋាភិបាលបាននិង​កំពុងដឹកនាំថែរក្សា​សុខ​សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់សង្គម ពិសេសការអភិវឌ្ឍ ប្រទេសជាតិ​ ដែលកំពុង​មានការ​រីកចំរើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ សំដែងនូវ ការវាយតំលៃខ្ពស់ និងកោតសរសើរ​ដល់និស្សិត អាហារូបករណ៍កម្ពុជា​ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការ​ស្នាក់ ​នៅ​សិក្សារៀនសូត្រ ប្រកបដោយ​លទ្ធផល ​ដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់​ទំនង​ល្អ​ក្នុងជួរនិស្សិត ដែល​ស្នាក់​នៅសិក្សារៀនសូត្រជាមួយគ្នា ក៏ដូចជាធ្វើទំនាក់ទំនងល្អ ជាមួយ​សាស្រ្តា​ចារ្យ អាជ្ញាធរដែន​ដីគ្រប់​លំ​ដាប់​ថ្នាក់ រួមទាំងជាមួយ និងបងប្អូនប្រជាពលរដ្ឋជប៉ុនផ្ទាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្រ្តី​ក៏បាន​ផ្តល់នូវអនុសាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់ ជូនដល់និស្សិតអាហារូបករណ៍​ទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះ​ជួយ​យក​អាសារពីគ្នាទៅវិញទៅមក ការធ្វើទំនាក់​ទំនង​ល្អជាមួយ និងនិស្សិត​ ដែលស្នាក់នៅសិក្សារៀនសូត្រ​ជា​មួយ​គ្នា ពិសេសការបន្តនូវប្រពៃណីមិត្តភាព កិច្ច​សហប្រតិបត្តិការល្អ ទាំងក្នុងការសិក្សានា​ពេលបច្ចុប្បន្ន​និងទៅអនាគត។ សម្តេចតេជោ​ក៏បាន​ធ្វើការ​ដាស់តឿន ដល់និស្សិត អាហារូបករណ៍ទាំងអស់ ត្រូវគោរព​វិន័យ​និងសេចក្តីថ្លែថ្នូរ ក្នុងការ​សិក្សា​រៀន​សូត្រ ត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវបង្ក​បញ្ហាអ្វីដល់​ការសិក្សា​និងការស្នាក់នៅ​ និងមួយផ្នែក​ទៀត ត្រូវចូលរួមនៅក្នុងការងារសង្គមឲ្យបានច្រើន និងទូលំទូ​លាយ។​ ជាមួយគ្នានោះ ត្រូវមានមនសិកា​សាមគ្គីគ្នាក្នុង​ការ​សិក្សាស្រាវជ្រាវពីរបកគម្ហើញថ្មីៗ​ ដែលទាក់​ទិន​ទៅនិងកម្មវិធីសិក្សា ពិសេស ការរីក​ចំរើនក្នុងអាស៊ាន ក៏ដូចជាការ​វិវត្តន៍​នៃសភាពការពិភពលោក។ នៅក្នុងពិធីសំណេះសមណាលគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីមាន​ប្រ​សាសន៍​ទៅកាន់និស្សិត ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រក្នុងប្រទេសជប៉ុនដែរថា សម្តេចនឹងបន្ត ធ្វើ ការពិភាក្សា​ជាមួយ​និង​មេដឹកនាំ​ជប៉ុន ក្នុងការបង្កើនថវិកាសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលសិក្សានៅជប៉ុន។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចផ្លូវការការ របស់សម្តេច ទៅកាន់ ប្រទេសជប៉ុននៅពេលនេះ គឺធ្វើឡើងស្របគ្នានិងខួប៦០ឆ្នាំ​ នៃដំណើរទស្សនកិច្ចលើកដំបូងបំផុត របស់​ អតីតនាយករដ្ឋមន្រ្តី ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៥៧ ពោលគឺកាលពីពេលនោះគឺជាដំណើរទស្សនកិច្ច របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវជាជីតារបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បច្ចុប្បន្ន និងក៏ស្របគ្នា ផងដែរ ចំពោះខួប២៥ឆ្នាំដែលប្រទេស ជប៉ុនបានបញ្ជួនកងកម្លាំង ថែរក្សាសន្តិភាពលើកដំបូង ចេញក្រៅប្រទេស។ ទន្ទឹមនឹងនេះសម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បាន ជំរាបជូននិស្សិតទាំងនោះដែរថា កម្ពុជា ជប៉ុន មានគោលជំហរនិង​នយោបាយជួយគ្នាទៅវិញ ទៅមកទាំងសម្រាប់ ទំនាក់ ទំនង ទ្វេភាគី ពហុភាគី និងអន្តរជាតិដែលមានការយក​ចិត្តទុក​ដាក់ដូចគ្នា។ នៅក្នុងពិធីសំណេះ​សំណាលគ្នា​នោះ​ដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់និស្សិត​អាហារូបករណ៍ទាំង១២២​នាក់ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ។