សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

14 08 2017

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,៣០២ នាក់ នៅកោះពេជ្យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរ និងកោតសរសើរ ដល់ជ័យលាភីទាំងអស់ ព្រមទាំង មានមោ ទនភាពចំពោះសាលា ភូមិន្ទភ្នំពេញ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស ប្រកដោយគុណភាព និង ប្រសិទ្ធភាពស្របពេលដែលប្រទេស កំពុង រីក ចម្រើន។ សម្តេចតេជោ ក៏ជាអតីតនិស្សិតនៅសាកលវិទ្យា ល័យភូមិន្ទកាលពីឆ្នាំ ១៩៨៨។ ព្រឹកមិញនេះ សម្តេចតេជោ បាន ប្រកាសតម្លើងប្រាក់ខែ លើកទឹកចិត្ត ដល់ បណ្ណារក្ស ៣លានរៀលក្នុង១ខែ ដើម្បីលើកទឹកចិត្ត ដែលបានខិតខំគ្រប់គ្រង ថែរក្សា បណ្ណាល័យ សម្រាប់និស្សិត និងសិស្សានុសិស្សមកពីសាលាផ្សេងៗទៀតមកសិក្សាស្រាវជ្រាវ។ សម្តេចតេជោ ហ៊ុន សែន បាន អំពាវនាវដល់សាកលវិទ្យាល័យនានា ត្រូវយកចិត្តទុកដាក់ខិតខំបណ្តុះ បណ្តាល ពង្រឹងសមត្ថភាព និស្សិតអោយកាន់ តែល្អ ប្រសើរ ស្របទៅ នឹងការកំណែទម្រង់ របស់ក្រសួង អប់រំនាពេលបច្ចុប្បន្ន។ ការប្រលងបាក់ឌុបឆ្នាំ២០១៧ នេះគឺនឹងមកដល់ ខាងមុខ សម្តេចតេជោ បានអំពាវនាវដល់សិស្សដែលត្រៀមប្រឡងទាំងអស់ត្រូវត្រៀមបំប៉នសមត្ថភាព ចំណេះដឹង គ្រប់មុខវិជ្ជា ហើយសូមអោយសាលាជួយ ដល់ការងារបំប៉ននេះផងដែរ។

ក្នុងពេលថ្លែង ទៅកាន់និស្សិតជ័យលាភីទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសមត្ថភាព ពិសេសរបស់កុមារ គីម ហុង ដែលសម្តេចបានហៅថា ជាកុមាទេព ដែលរហូតមកដល់ពេល គីម ហុង បានទទួលអោយចូលរៀនថ្នាក់ទី៨ ពិសេស នៅសាលា បែលធីអន្តរជាតិ (BELTEI)។ ទាំងគីមហុង និង ឪពុកម្តាយ គឺត្រូវមករស់នៅទីក្រុងភ្នំពេញ ក្នុងពេលឆាប់ៗនេះ។ សម្តេចតេជោ និងសម្តេចកិត្តិបានទិញ ផ្ទះមួយល្វែងផ្តល់ដល់គីមហុង និងក្រុមគ្រួសារ ដើម្បីសម្រួលដល់ការរស់នៅ និងការសិក្សារបស់ គីម ហុង ។ នេះជាធនធានមួយ ដ៏កម្ររបស់ជាតិ បើ គីមហុង មានសមត្ថភាពកាន់តែខ្ពស់ គឺនឹងរុញ គីមហុង ទៅថ្នាក់ខ្ពស់ជាងនេះ ថែមទៀត គឺយើងមិនកំណត់លើអាយុរបស់កុមារនេះឡើយ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ប្រសិនបើមានកុមារ មាន សមត្ថភាពពិសេសដូចគីមហុង គឺនឹងផ្តល់ការយកចិត្តទុកដាក់ដូចគ្នា។សម្តេចបានស្នើអោយ ក្រសួងអប់រំចូលរួមតាម ដាន និង យកចិត្តទុកដាក់លើការសិក្សា របស់គីមហុងផងដែរ។

ឆ្លៀតក្នុងពេលសំណេះសំណាលជាមួយនិស្សិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជក់អំពី ទំនាក់ ទំនងល្អជាមួយ នាយករដ្ឋមន្រ្តី ជប៉ុន ក្នុងពេលទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុនកាលពីពេលថ្មីៗ នេះ។ ជប៉ុនបានសន្យា ធ្វើការងារជាមួយកម្ពុជា ដើម្បីអោយ កម្ពុជាក្លាយ ជាប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានលើក ឡើងអំពី គម្រោងផ្លូវរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ ដែលមានចំងាយប្រមាណ ១៨គម គឺចាប់ពីផ្សារធំថ្មី ទៅ កាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដែលគម្រោងនេះចំណាយទឹកប្រាក់ប្រមាណ ៨០០ លានដុល្លាអាមេរិក ដែលកំពុង ពិភាក្សារកជំនួយពីមិត្តជប៉ុន។

ចំពោះព្រឹត្តិការណ៍កាល ពីអាទិត្យមុន ដែលកងទ័ពឡាវចូលមក លើទឹកដីខ្មែរ គឺ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហា នេះបានចប់ហើយ គឺភាគីឡាវបានសន្យា ដកទ័ពដែលឈរជើងលើទឹកដីខ្មែរ ចេញអស់ហើយ។ ការងារដោះស្រាយបញ្ហា ព្រំដែន កម្ពុជាឡាវគឺធ្វើបាន ៨៦%ហើយ។ សម្តេចតេជោ អោយភាគីឡាវបន្តធ្វើការ ជាមួយកម្ពុជាដោះស្រាយបញ្ហា ព្រំដែន ដោយយកផែនទីខ្នាត ១/១០០,000 ជាមូលដ្ឋានមកដោះស្រាយ អោយបានលឿនទៅមុខ។ កម្ពុជាឡាវ ប្តេជ្ញាដោះស្រាយបញ្ហា ដោយសន្តិវិធី ដើម្បីចៀសវាងការបង្ហូរឈាម។ ប្រទេសយើងទាំងពីរ មានកិច្ចការសហប្រតិបត្តិការល្អៗ ជាច្រើនជាមួយ គ្នារួម ទាំងការពង្រឹងទំហំពាណិជ្ជកម្មជាដើម ដែលត្រូវយកមកពិភាក្សា។យើងត្រូវដោះស្រាយ មិនអោយមាន សង្រ្គាមផ្ទុះឡើង ដាច់ ខាត។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានព្រមាន ចំពោះអ្នកអត្ថាធិប្បាយមួយ ចំនួនដែលនិយាយប៉ះពាល់ និងប្រមាថដល់កងទ័ព កម្ពុជា ដែលកំពុងការពារបូរណៈភាពទឹកដី។ ពួកគេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវបទល្មើស ជាក់ស្តែងដែលបាន រក ឃើញ ឧទាហរណ៍ ដូចជាការ ប្រមាថ កាលពីពេលថ្មីៗនេះ ដោយបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចពលរដ្ឋខ្មែរ ដែលបាន ហៅមេទ័ពកងយោធពលខេមរភូមិន្ទខ្មែរ ជាមេទ័ពចោរ ដែលបានឃុំខ្លួន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ កាលពី ម្សិល មិញរួចហើយ។ ចំពោះអ្នក អត្ថាធិប្បាយ និងវិភាគមួយចំនួន សូមប្រើប្រាស់សិទ្ឋិសេរីភាព នៃការបញ្ចេញមតិអោយ បានល្អ ត្រឹមត្រូវជៀសវាងការជេរប្រមាថ មកលើកងទ័ពជាតិថាជាចោរ គឺមិនអាចអត់ឱន បានជាដាច់ខាត។

មុននឹងប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ ដល់ជ័យលាភីទាំងអស់ ទទួលបានជោគជ័យថ្មីៗ ជាបន្តទៀត ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់និស្សិត សាស្រ្តាចារ្យ បណ្ណារក្ស និង សាកល វិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងបរិយាកាសរីករាយ និងស្និទ្ឋ ស្នាលក្រៃលែង។