ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ

04 09 2017

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ ជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគី ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ នៅ សណ្ឋាគារ រ៉ាហ៊្វល ទ្បឺរ៉ូយ៉ាល់ ភ្នំពេញ។ សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនេះរៀបចំទ្បើង ក្នុងគោលបំណងផ្សព្វផ្សាយ និង​បង្ហាញអំពីខ្លឹមសារ នៃសេចក្តីព្រាងច្បាប់​ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារនេះ ព្រមទាំងប្រមូលធាតុចូល ជាមូលដ្ឋានឱ្យបាន គ្រប់ជ្រុងជ្រោយ បន្ថែមទៀតពីសិក្ខាកាម ទាំងអស់ ដែលមានវត្តមាននាពេលនេះ ជាពិសេសពីភាគី តំណាងកម្មករនិយោជិត និងនិយោជក។​ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ បញ្ជាក់ថា ដោយមានការឯកភាព​ ពីរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានរៀបចំក្រុមការងារ និងដឹកនាំកសាង “សេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ” ដោយសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងយុត្តិធម៌។ ក្រោមជំនួយបច្ចេកទេស ពីអង្គការ ILO ក្រុមការងារ កសាង សេចក្តី ព្រាងច្បាប់របស់ក្រសួង រួមជាមួយគណៈប្រតិភូត្រីភាគី បានសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ល្អៗ ពីប្រព័ន្ធដោះស្រាយវិវាទការងារ និងប្រព័ន្ធតុលាការការងារ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា អូស្រ្តាលី ជប៉ុន និងសិង្ហបុរី នៅចុងឆ្នាំ២០១៥ និងបានបញ្ចប់ការតាក់តែងសេចក្តី ព្រាងច្បាប់បឋមស្តីពី “នីតិវិធីជម្រះក្តីវិវាទការងារ” កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបានផ្ញើជូនភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីពិនិត្យ និងផ្តល់ យោបល់។ ក្នុងនោះ ក្រសួងបានទទួលមតិយោបល់ និង ធាតុចូលបន្ថែម សំខាន់ៗពីអង្គការ ILO កាលពីខែមករា ឆ្នាំ២០១៧ និងមូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីខែមេសា ឆ្នាំ ២០១៧។ ឯកឧត្តមមាន ប្រសាសន៍លើកឡើងថា សេចក្តីព្រាងច្បាប់នេះ គឺជាលិខិតបទដ្ឋាន គតិយុត្តថ្មីមួយទៀត ដែលបាន បង្កើត ឱ្យ មានជាប្រព័ន្ធដោះស្រាយវិវាទ ការងារមួយពេញលេញ ដែលរួមមានទាំងការជំនុំជម្រះ រឿងក្តីការងារ ដោយតុលា ការងារផងដែរ។ ការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយ ដែលនឹងរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការ ធានានូវសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជារួមចំណែក ក្នុងការដោះស្រាយវិវាទការងារ ឱ្យកាន់តែមានប្រសិទ្ធភាព បន្ថែមលើយន្តការនៃការដោះស្រាយវិវាទដែលមានស្រាប់។ សូមបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ ក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បានដោះស្រាយវិវាទបុគ្គលចំនួន ៧០ករណី សះជា០៦ករណី មិនសះជាចំនួន ៥៦ករណី និងមោឃៈ ចំនួន០៨ ករណី និងដោះស្រាយវិវាទការងាររួមចំនួន ១៥ករណី សះជា០៣ករណី និងមិនសះជាចំនួន១២ករណី៕