ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញគាំទ្រចំពោះគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ

06 09 2017

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រ ចំពោះសកម្មភាព របស់គណៈ កម្មាធិការ ប្រយុទ្ឋប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដែលកន្លងមកបាន ធ្វើការបង្ក្រាបបទល្មើស ជាច្រើន ពាក់ព័ន្ធ នឹងការរត់ពន្ធឱសថ ខុសច្បាប់ ដែលបង្ករឲ្យមានគ្រោះថ្នាក់ និងមានហានីភ័យខ្ពស់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំហរដូចនេះ នៅក្នុងឱកាសជួបពិភាក្សា​ការងារ ជាមួយប្រតិភូ គ.ប.ផ.ក ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ខណ:ដែល គ.ប.ផ.ក បានស្វែងរកការគាំទ្រ បច្ចេកទេស ពីក្រសួងពាណិជ្ជកម្ម ទៅលើផែនការ សកម្មភាពរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួន ដល់ប្រតិភូ គ.ប.ផ.ក ទាក់ទងនីតិវិធី ក្នុងការអនុវត្តន៍ច្បាប់, ការបណ្តុះ បណ្តាល, ការអប់រំ និងការផ្សព្វផ្សាយលទ្ធផល ជូនសាធារណៈជន។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានសំណូមពរ គ.ប.ផ.ក ធ្វើការពង្រឹងកិច្ចសហការ ថែមទៀត ជាមួយក្រសួងពាណិជ្ជកម្ម លើការរៀបចំ សមាជិកបន្ថែម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការងារ ទៅវិញទៅមក និងបន្តសហការ ជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នជំនាញ មានបេសកកម្ម ការពារអ្នកប្រើប្រាស់ លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងធានាការប្រកួតប្រជែងធុរកិច្ចដោយសមភាព។