ប្រទេសកម្ពុជា និងចិន នឹងពង្រឹងកិច្ចសហការលើវិស័យកម្មសិទ្ធិបញ្ញា និងការកសាងម៉ាកពាណិជ្ជកម្ម

07 09 2017

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ពាណិជ្ជកម្ម មានប្រារព្ធពិធី ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ច សហប្រតិបត្តិការ ក្នុងវិស័យម៉ាក និងការកសាង ម៉ាកយីហោ រវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលជាតិ ឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះបានប្រព្រឹត្តិ ទៅក្រោមគណៈអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងឯកឧត្តម ម៉ា ហ្សិងគី អនុរដ្ឋមន្ត្រី នៃរដ្ឋបាលជាតិ ឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

គោលបំណង នៃការផ្តួចផ្តើម ឲ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិ ការ ឲ្យបានកាន់តែទូលំទូលាយ ដោយឈរ លើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមកលើវិស័យ ម៉ាក និងម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញ ព្រមទាំងជំរុញការ កសាងម៉ាកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងចិន។ បន្ថែមលើនេះ អនុស្សរណៈនេះក៏មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តកម្មសិទ្ធិបញ្ញា តាមរយៈការគាំពារផលប្រយោជន៍ អ្នកប្រើ ប្រាស់ និងផលិតករឲ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈអនុស្សរណៈនេះ ប្រទេសទាំងពីរ នឹងធ្វើការចែករំលែក លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើ ទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់ បទពិសោធន៍នៅ លើវិស័យកម្មសិទិ្ធបញ្ញា និងការពង្រឹងកិច្ចការពារ ម៉ាកពាណិជ្ជកម្ម។ លើសពីនេះប្រទេសចិន ក៏នឹងជួយបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកត្រួតពិនិត្យម៉ាក ដល់ប្រទេស កម្ពុជា និងជួយជំរុញឲ្យមានការតាំងពិព័រណ៍ផលិតផលខ្មែរ ក៏ដូចជាការកសាងម៉ាកយីហោ របស់កម្ពុជានៅលើទីផ្សារ បន្ថែម ទៀត៕