កម្ពុជា-ថៃ បើកសិក្ខាសាលាដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្មតាមបន្ទាត់ព្រំដែន

13 09 2017

នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតថៃ ប្រចាំនៅ កម្ពុជា រៀបចំសិក្ខាសាលា ស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីលើកកម្ពស់ការយល់ដឹង រវាង វិស័យ ឯកជននៃប្រទេសទាំងពីរ សំដៅបង្កើនទំហំពាណិជ្ជកម្ម និងជំរុញកិច្ចសហការសេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែរឹងមាំថែម ទៀត។ សិក្ខាសាលានេះទទួល បានការអញ្ជើញជាគណៈអធិបតី ពីឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម នុតថាវុធ ផូធិសារ៉ូ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួម ពីមន្ត្រីអន្តរក្រសួង កម្ពុជា-ថៃ សហគ្រិន, វិនិយោគិន និងពាណិជ្ជករប្រមាណជាង ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន បានជម្រាបជូនសិក្ខាកាម អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដែលសម្រេចបាន ជាមធ្យម ៧% រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យ កម្មន្តសាល ធុនស្រាល ដើម្បីបន្តធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់ និងសាកល។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកយកគោលដៅ អទិភាពសំខាន់ៗនៃ «គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ -១០២៥» ដែលជា «យុទ្ធសាស្ត្រកំណើនថ្មី» ឬជាផែនទីបង្ហាញផ្លូវសម្រាប់ ការអភិវឌ្ឍចង្វាក់តម្លៃ ផលិតកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ បន្ថែមលើនេះ ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសន្យាជួយសម្រួល ធុរជនថៃ តាមរយៈការផ្តល់ ជូនភាព អនុគ្រោះ ជាមួយលក្ខខណ្ឌវិនិយោគពិសេសៗ ព្រមទាំងគោលនយោបាយ លើកទឹកចិត្ត ល្អៗ ដើម្បីរួមចំណែក ដល់ការពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគ នៅតាមព្រំដែនកម្ពុជា-ថៃ សំដៅរក្សាតុល្យភាពជញ្ជីង ពាណិជ្ជកម្ម និងធានា សេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត នុតថាវុធ ផូធិសារ៉ូ បាន ជម្រាប ជូនសិក្ខាកាម អំពីវឌ្ឍនភាព ប្រសើរនៃទំនាក់ទំនង ពាណិជ្ជកម្មរវាងថៃ និងកម្ពុជា ព្រមទាំងសារៈសំខាន់នៃការ ធ្វើពិពិធ កម្ម ទំហំ ពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន ដើម្បីលើកកម្ពស់ជីវភាព ប្រជាជននៃប្រទេសទាំងពីរ និងការឈានទៅ សម្រេច ផែនការ ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង ពីរ បានដាក់ចេញ កាលពីថ្មីៗនេះ។ លើសពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ពីជំហររបស់អាជ្ញាធរថៃ ក្នុងការជួយ សម្រួល ការដឹកជញ្ជូនទំនិញរបស់ពាណិជ្ជករកម្ពុជា ទៅកាន់ប្រទេសទីបី និងការគាំទ្ររបស់ពាណិជ្ជករថៃ ក្នុងការជួយទិញ ទំនិញ កសិផល កាន់តែច្រើនពីកម្ពុជា។

យោងតាមទិន្ន័យ របស់មជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរជាតិ ទំហំពាណិជ្ជកម្ម សរុបរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៥,៥១៨លានដុល្លារអាមេរិក និងឆ្នាំ២០១៦ មានចំនួន ៥,៥៥១លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ០,៦%។ ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៦៣៨លានដុល្លារអាមេរិក និងឆ្នាំ២០១៦ មានចំនួន ៩៤៤លាន ដុល្លារអាមេរិក ពោលគឺបានកើនឡើង ៤៧,៩៦% រីឯការនាំចូលរបស់កម្ពុជាពីប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៤,៨៨០លានដុល្លារអាមេរិក និងឆ្នាំ២០១៦ មានចំនួន ៤,៦០៧លានដុល្លារអាមេរិក ពោលគឺបានថយចុះ ៥,៥៩%៕