ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បង្ហាញថា៖ ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកចុះខ្សោយនិងជំរុញស្ថានភាពអតិផរណាទៅវិញទេ!

កិច្ចប្រជុំនិទាឃរដូវរបស់ធនាគារពិភពលោក និង មូលនិធិហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IMF ឆ្នាំ ២០២៥ នឹងបើកដំណើរការនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងដំណើរការរហូតដល់ថ្ងៃទី២៦ខែមេសា។ កិច្ចប្រជុំនឹងពិភាក្សាលើបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក និងឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោកដែលនឹងក្លាយជាការផ្តោតសំខាន់នៃកិច្ចប្រជុំនៅឆ្នាំនេះ។ យោងតាមការព្យាករណ៍ដែលនឹងត្រូវចេញផ្សាយនៅសប្តាហ៍នេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថាការកើនឡើងពន្ធរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងជំរុញឱ្យមានអតិផរណានៅឆ្នាំ ២០២៥ដែរ។ នាយកគ្រប់គ្រងរបស់ IMF លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ការកើនឡើងយ៉ាងខ្លាំងនៃកាតព្វកិច្ចរបស់រដ្ឋបាលលោក Trump បានធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសកលកើនឡើង។ លោកស្រីបានបន្ថែមថាពន្ធគយនាំចូលនឹងពន្យឺតកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែមិនបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចនៅទូទាំងពិភពលោកខ្លាំងក្លានោះទេ។ ព័ត៌មានលម្អិតនៃទស្សនវិស័យរបស់ IMF នឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារនេះ ស្របពេលដែលលោកស្រី Georgieva បាននិយាយថា ភាពធន់របស់សេដ្ឋកិច្ចពិភពលោកកំពុងត្រូវបានសាកល្បង “ដោយវានឹងចាប់ផ្ដើមឡើងវិញនៃប្រព័ន្ធពាណិជ្ជកម្មសកល” ដែលគំរាមកំហែង បង្កភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុសកលដែរ។ ភាពច្របូកច្របល់នោះបាននិងកំពុងប្រលែងលេងនៅក្នុងទីផ្សារហិរញ្ញវត្ថុអស់ជាច្រើនសប្តាហ៍មកហើយ ជាពិសេសនៅ Wall Street ដែលបានជួបប្រទះនឹងការប្រែប្រួលជាគំហុកពីមួយថ្ងៃទៅមួយថ្ងៃ ហើយជារឿយៗវាបានកើតឡើងពីមួយម៉ោងទៅមួយម៉ោងស្ទើផុតដង្ហើមម្តងៗ។ ប្រធាន IMF រូបនេះក៏បានបញ្ចេញនូវក្តីព្រួយបារម្ភចំពោះរដ្ឋបាលលោក Trump មួយចំនួនដែរ។ លោកស្រីបានអំពាវនាវឱ្យប្រទេសនានាត្រូវកាត់បន្ថយពន្ធគយរបស់ពួកគេ និងកាត់បន្ថយរបាំងផ្សេងៗទៀតចំពោះពាណិជ្ជកម្ម ដែលជាដំណើរការមួយដែលលោកស្រីជឿជាក់ថាវាបានជាប់គាំងក្នុងទសវត្សរ៍កន្លងមកហើយ បន្ទាប់ពីភាពវិវឌ្ឍជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំ និងបន្ទាប់ពីសង្គ្រាមលោកលើកទី២។ លោកស្រី Georgieva បានបន្ថែមថាពន្ធគយនាំឱ្យមានភាពមិនច្បាស់លាស់ដែលអាចនាំឲ្យតម្លៃទំនិញនានាឡើងថ្លៃ ដោយសារតែភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់ ការចំណាយនៃទំនិញតែមួយអាចរងផលប៉ះពាល់ដោយពន្ធគយនៅក្នុងប្រទេសរាប់សិបប្រទេសឯណោះ។ ការកើនឡើងនៃរបាំងពាណិជ្ជកម្មក៏មានទំនោរប៉ះពាល់ដល់កំណើនភ្លាមៗផងដែរ ខណៈដែលវាអាចនាំទៅរកការផលិតក្នុងស្រុកកាន់តែច្រើន និងត្រូវការពេលវេលាដើម្បីអនុវត្តដែរ។ នៅក្នុងការព្យាករណ៍ចុងក្រោយបំផុតរបស់ IMF ដែលបានចេញផ្សាយនៅក្នុងខែមករាបានព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងយ៉ាងឆាប់រហ័ស និងអតិផរណានឹងធ្លាក់ចុះដែរ បើទោះបីជាវាបានព្រមានថាទស្សនវិស័យខ្លះត្រូវបានបិទបាំងដោយគោលនយោបាយរបស់ប្រធានាធិបតី Donald Trump រួមទាំងការកាត់បន្ថយពន្ធ និងការដំឡើងពន្ធលើការនាំចូលពីបរទេសក៏ដោយ។ ទីភ្នាក់ងារផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅពេលនោះថា ខ្លួនរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣.៣% នៅឆ្នាំនេះ និងបន្ទាប់មកគឺកើនឡើងពី ៣.២% ក្នុងឆ្នាំ ២០២៤។ អតិផរណាសកលដែលបានកើនឡើងបន្ទាប់ពីជំងឺរាតត្បាត COVID-19 បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយបណ្តាលឱ្យមានការខ្វះខាត និងតម្លៃខ្ពស់ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ៥.៧% ក្នុងឆ្នាំ ២០២៥ និង ៤.៣៥% នៅឆ្នាំនេះ និងឆ្នាំ២០២៦ ដែរ ប៉ុន្តែស្របពេលជាមួយនឹងការព្យាករណ៍ទាំងនោះ ប្រធានសេដ្ឋវិទូរបស់មូលនិធិ Pierre-Olivier Gourinchas បានសរសេរថាគោលនយោបាយដែលលោក Trump បានសន្យាថានឹងណែនាំ “ទំនងជានឹងជំរុញស្ថានភាពអតិផរណាឱ្យខ្ពស់ក្នុងរយៈពេលដ៏ខ្លីខាងមុខទៀត ជាពិសេសគឺដៃគូប្រជែងផ្នែកពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក គឺប្រទេសចិនតែម្តង៕
សម្រួលអត្ថបទ៖ សុផារិន្ទ