ក្រសួងធម្មការនិងសាសនា និងអង្គការទស្សនៈពិភពលោក អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការនៅលើវិស័យមនុស្សធម៌ និងអភិវឌ្ឍន៍សង្គមនៅកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ លោក ហ្សាណេស អុីម៉ានូអែល ជីនធីង (Janes Imanuel Ginting )នាយកអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
នៅក្នុងជំនួសសម្តែងការគួរសមនេះ លោក នាយកអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំប្រទេសកម្ពុជា បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីសកម្មភាពការងាររបស់អង្គការបានអនុវត្តនាពេលកន្លងមកនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំមកហើយ ដោយផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ វិស័យអភិវឌ្ឍន៍ជនបទ អប់រំ សង្គមកិច្ច និងសុខាភិបាលតាមរយៈកម្មវិធី សុខភាពនិងអាហាររូបត្ថម្ភ កម្មវិធីទឹកស្អាត និងអនាម័យ កម្មវិធីអប់រំ កម្មវិធីការការពារ និងការចូលរួមរបស់កុមារ ក្រោមការយកចិត្តទុកដាក់សហការយ៉ាងជិតស្និត របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក នាយកអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំប្រទេសកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេស ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលតែងតែចូលរួមសហការ និងផ្តល់អនុសាសន៍បង្ហាញរាល់សកម្មភាពការងារ ដែលអង្គការបានបានអនុវត្តនាពេលកន្លងមក។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរនិងថ្លែងអំណរគុណដល់ លោកនាយកអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលបានខិតខំបំពេញបេសកកម្មមនុស្សធម៌ គាំពារលើកម្មវិធីអប់រំ អំពីហឹង្សាលើស្រ្តី និងកុមារ ជាដើម។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នប្រធានព្រឹទ្ធសភា តែងតែបានផ្តល់អនុសាសន៍ជំរុញក្នុងការលើកកម្ពស់ សីលធម៌ គុណធម៌ សេចក្តីថ្លៃថ្នូរ តាមរយៈវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសាសនាផ្សេងៗក្នុងប្រទេសកម្ពុជា ពិសេសរក្សាឲ្យបាននូវសុខដុមនីយកម្មសាសនានៅទូទាំងប្រទេស។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានជំរុញកិច្ចសហប្រតិបត្តិការលើស័យមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជាកាន់តែរីកចម្រើន និងសូមជូនពរដល់លោក នាយកអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំប្រទេសកម្ពុជា និង សហការីទាំងអស់ សំរាប់ការបន្តបេសកកម្មការងារនៅកម្ពុជា ទទួលបានជោគជ័យ ៕