ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត។
ថ្លែងក្នុងអង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានយកឱកាសសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជាពិសេស លោក កាង ប៉េងហាក់ ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចបានសមិទ្ធផលជាច្រើនជូនខេត្តលើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយការទទួលខុសត្រូវ ក្នុងតួនាទីជាប្រធានមន្ទីររយៈពេល ២០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥ មក រហូតដល់លោកបានចូលនិវត្តន៍។
ឯកឧត្តមរដ្ឋមន្រ្តីក៏សូមចូលរួមអបអរសាទរចំពោះ លោក ស៊ឹម សង្វាពិសិដ្ឋ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តមើលឃើញពីគុណវុឌ្ឍ និងភាពប៉ិនប្រសប់ការងារ ទើបសម្រេចតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ សូមលោកប្រធានមន្ទីរថ្មីបន្ត ប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់លោកប្រធានមន្ទីរថ្មីបន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ មិនថានៅក្នុងអាណត្តិទី៧នេះ ឬអាណត្តិមុនៗនោះទេ វិស័យសាធារណការ និងដឹកជញ្ជូន នៅតែត្រូវបានបន្តចាត់ទុកជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលកន្លងមកក្រសួងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ប្រព័ន្ធទឹកកខ្វក់ ផ្លូវទឹកផ្លូវដែក និងសំណង់កំពង់ផែ រួមទាំងការធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈលើការដឹកជញ្ជូនផ្លូវគោកផងដែរ៕



