កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Mart) នៅទីក្រុងឡុងដ៍ ចក្រភព អង់គ្លេស

ឯកឧត្តម អ៉ិត វិជិត នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹកនាំប្រតិភូ និងក្រុមការងារវិស័យឯកជន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Mart) ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដែលកម្ពុជាបានចូលរួមសារជាថ្មីបន្ទាប់ពីការខកខានចាប់តាំងពីមានការរាតត្បាតពីជំងឺកូវីដ១៩ ។ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះមានការចូលរួមពី១៨៤ប្រទេស និងស្ថាប័នទេសចរណ៍សំខាន់ៗទាំងរដ្ឋ និងឯកជន មកពី ៣,៨៧៥ស្ថាប័ន ព្រមទាំងមានអ្នកចូលរួមប្រមាណជាង៤៥ម៉ឺននាក់មកពីជុំវិញពិភពលោក។ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមនាយកប្រតិបត្តិ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមាន ឯកឧត្តមSorawong Thienthong​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រថៃ​,​ ឯកឧត្តម​ ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ, លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងឡុងដ៏, ឯកឧត្តម Diminic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ និងលោកស្រី​ Thapanee Kiatphaibool ប្រធានគ្រប់គ្រងនៃអាជ្ញាធរទេសចរណ៍ថៃព្រមទាំងជួបពិភាក្សាជាមួយនិងស្ថាប័នដែលមានឥទ្ធិពលជាច្រើន ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានជាតិ និងអន្ដរជាតិល្បីៗដូចជា BBC News, CNBC, CBS និងកិច្ចសម្ភាសន៍ជាមួយលោក Peter Greenberg Travel Detective ក្នុងកម្មវិធី «Hidden Gems»ជាដេីម ក្នុងគោលបំណងបង្ហាញនូវសក្ដានុពលទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជា ទាំងទេសចរណ៍វប្បធម៌ ធម្មជាតិ និងបេតិកភណ្ឌ ឱ្យបានជ្រួតជ្រាបដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិនៅជុំវិញពិភពលោក ៕