«កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព»នេះជាប្រធានបទនៃអង្គអង្គសន្និបាតរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត

ថ្លែងបិទក្នុងពិធីអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត កាលពីរសៀលថ្ងៃទី២៥ ខែមីនាម្សិលមិញនេះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលដែលតំណាងឲ្យឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ កោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិក សមាជិកា នៃអង្គសន្និបាត ក្នុងរយៈពេល២ថ្ងៃនេះ ហើយដែលបាន ចែករំលែកនូវបទពិសោធន៍ ផ្តល់ធាតុចូលសម្រាប់ជាដំណោះស្រាយបញ្ហា និងកំណត់ទិសដៅអន្តរាគមន៍អាទិភាពឆ្នាំ២០២៥ និងឆ្នាំបន្តទៀត ដើម្បីធានាទទួលបាននូវប្រសិទ្ធភាពនៃការឈានឆ្ពោះទៅសម្រេចគោលដៅដែលបានកំណត់ពិសេសលើប្រធានបទ  «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព »។

ឯកឧត្តមសូមចូលរួមអបអរសាទរនូវសមទ្ធិផលវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ – ២០២៥ ពិសេសការសម្រេចបានជោគជ័យ ទប់ស្កាត់មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និងគ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤ តាមរយៈការសហការ និងចូលរួមទទួលខុសត្រូវប្រតិបត្តិការ អនុវត្តសកម្មភាពរបស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គភាព មន្ទីរថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្ត ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិ។ ដើម្បីជាការគាំទ្រចំពោះលទ្ធផលរបស់អង្គសន្និបាត  ឯកឧត្តមសូមផ្តល់ជាអនុសាសន៍មួយចំនួនថែមទៀត ជូនដល់អង្គសន្និបាតសម្រាប់យកទៅធ្វើជាគតិ ដើម្បីពិនិត្យពិចារណាលើការវិនិយោគ គ្រប់គ្រង កែច្នៃ និងអនុវត្ត សម្រាប់កម្មវិធីជាតិទាំងបី នាឆ្នាំ២០២៥នេះ ដូចខាងក្រោម ៖

–       សូមបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនករណីឈឺ និងបង្ការកុំឱ្យស្លាប់ ពិសេសត្រូវ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូឱ្យបានជាស្ថាពរនាចុងឆ្នាំនេះ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ។

–       រៀបចំ និងគៀងគរធនធានសម្រាប់ ផែនការនិងការងារក្រោយការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលរាប់ទាំងការរាយការណ៍ផ្នែកលើផែនការយុទ្ធសាស្រ្ត (២០១១-២០២៥) លទ្ធភាពនៃការវៀបចំឯកសារកម្មនៃជោគជ័យ ក៏ដូចជាកិច្ចការសំខាន់ៗឆ្ពោះទៅកាន់ការទទួលវិញ្ញាប័នបត្រ័បញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមគោលការណ៍អន្តរជាតិ ។

បើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច)បានឲ្យដឹងថា÷

សមិទ្ធផលនៃគោលដៅខាងលើនេះបានសម្រេចជោគជ័យ កម្មវិធីជាតិក៏បានប្រឈមនឹងបញ្ហាមួយចំនួនជាបន្តបន្ទាប់ផងដែរ ដែលជាកត្តាជះឥទ្ធិពលរារាំងដល់ល្បឿនវឌ្ឍនភាពសម្រេចផែនការយុទ្ធសាស្រ្តជាតិ។ យោងទឡ្ហីករណ៍នេះ និងដោយមានការផ្តួចផ្តើម យកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ពិសេសការចង្អុលបង្ហាញលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានតម្រង់ទិសឱ្យ ម.គ.ច សហការ និងសហប្រតិបត្តិការជាមួយដៃគូអនុវត្ត និងដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតបែបបុរេសកម្មដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងវិភាគកំណត់អាទិភាពឡើងវិញលើវឌ្ឍនភាពការងារ ប្រសិទ្ធភាព សាកសិទ្ធភាព កិច្ចការអន្តរាគមន៍ប្រតិបត្តិការ និងសមិទ្ធកម្មកម្មវិធី រួមទាំងចំណុចខ្លាំង ចំណុចខ្សាយ ក៏ដូចជា ដំណោះស្រាយប្រកបដោយនវានុវត្តន៍លើទិសដៅជំហានបន្ទាប់៕