កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការទទួលគណៈប្រតិភូមកពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥ ដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI

នៅក្នុងភាពជាម្ចាស់ផ្ទះលើកដំបូង ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ដែលនឹងប្រព្រឹត្តទៅមានរយៈពេលចំនួន ៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចលើគ្រប់ផ្នែក ទាំងបដិសណ្ឋារកិច្ច និងសណ្តាប់ធ្នាប់ ផែនការការពារសន្តិសុខ និងសុវត្ថិភាព ជូនគណៈប្រតិភូមកពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥។ 

សូមជម្រាបជូនថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាននៃអង្គការ IDC-CDI បានសម្រេចទទួលភារកិច្ចជាម្ចាស់ផ្ទះកិច្ចប្រជុំប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលលើកទី១ និងបានធ្វើជាម្ចាស់ផ្ទះលើកទី១ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។ ដែលមានគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សរុបប្រមាណ ៨០រូប ដែលមកពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥ មានអុឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាសុី និងអាមេរិកខាងត្បូង ជាពិសេសគណបក្សធំៗដោយមានកៅអីក្នុងរដ្ឋសភា៕