កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា
(ភ្នំពេញ) ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។ តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអបអរសាទរជូនចំពោះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតចិនទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់ និងបានជូនពរឱ្យ ឯកអគ្គរដ្ឋទូត និងបុគ្គលិកស្ថានទូតទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសក្នុងការបំពេញបេសកកម្មការទូតដ៏ថ្លៃថ្លានៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើននូវចំណងមិត្តភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ជាមួយគ្នានោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននឹងកំពុងផ្តល់នូវការគាំទ្រទាំងថវិកា សម្ភារៈ និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិកសកម្មភាពមីន ចាប់តាំងពីឆ្នាំ២០១៥។ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរួមចំណែករបស់ប្រទេសចិនក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែជិតស្និទ និងកាន់តែល្អប្រសើររវាងកម្ពុជា-ចិន ជាមិត្តដែកថែប និងជាបងប្អូនល្អ។ ជាការឆ្លើយតប ឯកឧត្តម Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងពេលដែលឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ បានឃើញអំពីការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ ឯកឧត្តម នឹងបន្តជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងកាន់តែស៊ីជម្រៅរវាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងចូលរួមសកម្មភាពមីនមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។