កម្ពុជា-ចិន បង្ហាញជំហរបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបង្ហាញជំហររួមគ្នា ក្នុងការបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការបញ្ជាក់ជំហររួមគ្នានេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាង ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន  និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្ដម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។ 

ថ្លែងក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាង វិនប៊ីន ដែលបានមកបំពេញការងារជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា ដោយបានសង្កត់ធ្ងន់ថា យោងតាមបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែរឹងមាំបន្ថែមទៀត។ លោកបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រង់ជ្រោយ និងជាមិត្តដែកថែប។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្ដិសុខ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួយនៅក្នុងការអភិវឌ្ឍ លើវិស័យមួយចំនួន និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្អែកទៅលើចំណងមិត្តភាពដ៏យូរលង់ និងប្រពៃណី ក៏ដូចជាមិត្តភាពដែកថែប រដ្ឋាភិបាលចិន តាមរយៈស្ថានទូតនឹងបន្ដគាំទ្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សំដៅលើកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែខ្ពស់។

ជាចុងបញ្ចប់នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា។ លោកសង្កត់ធ្ងន់ថា ផ្អែកតាមបទពិសោធន៍ ក៏ដូចជាសមត្ថភាពខ្ពស់របស់ឯកអគ្គរដ្ឋទូត បានត្រៀមជានិច្ចដើម្បីចូលរួមគាំទ្រចំពោះការបំពេញភារកិច្ចការងារនៅប្រទេសកម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕