កម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយទេសចរណ៍វប្បធម៌ បន្តរឹតចំណងមិត្តភាព ស្វែងរកការអភិវឌ្ឍរួម ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រទេសទាំង២
ស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធក្នុង វិស័យទេសចរណ៍កម្ពុជា-ចិន បានសហការរៀបចំ សន្និសីទផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ក្វាងស៊ី ឆ្នាំ២០២៤ ដើម្បីបន្តរឹតចំណងមិត្តភាព ស្វែងរកការអភិវឌ្ឍរួម និងលើកស្ទួយវិស័យទេសចរណ៍ប្រទេសទាំង២ឱ្យកាន់តែរីកចម្រើន ជាពិសេសកិច្ចសហការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» ដោយមានការអញ្ជើញចូលរួម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរ ឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងភាគីពាក់ព័ន្ធប្រមាណ១៥០នាក់។
ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថាការរៀបចំសន្និសីទផ្សព្វផ្សាយនេះ មិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀតរវាង កម្ពុជា-ចិន ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ជាអាទិភាពនូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំសន្និសីទនាពេលនេះ នឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀតរវាងកម្ពុជា-ចិន ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវ សក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ជាអាទិភាពនូវប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនពីន បានបន្ដថា តំបន់ស្វយ័តក្វាងស៊ីស្ថិតនៅភាគនិរតីនៃប្រទេសចិន ហើយក្វាងស៊ីក៏ជាខេត្តតែមួយគត់ដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសអាស៊ានទាំងផ្លូវគោក និងផ្លូវសមុទ្រ។ ជាងនេះទៅទៀត តំបន់ស្វយ័តក្វាងស៊ីក៏ជាច្រកព្រំដែន និងជាបង្អួចដ៏ចម្បងមួយនៃប្រទេសចិនដែលបានបើកចំហ និងធ្វើសហប្រតិបត្តិការជាមួយប្រទេសក្នុងអាស៊ាន។
ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានបន្ដទៀតថា ក្វាងស៊ីនិងកម្ពុជាមានទីតាំងភូមិសាស្ត្រនិងវប្បធម៌ស្រដៀងគ្នា ដែលញ៉ាំងឱ្យការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងភាគីទាំង២កាន់តែមានភាពងាយស្រួលនិងជិតស្និទ្ធ។ សន្និសីទដែលរៀបចំឡើងនាវេលានេះ អាចសរបញ្ជាក់ពីការឆ្លើយត្រឡប់មកវិញនៃភាគីចិន ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការអនុវត្តជាក់ ស្តែង និងប្រសិទ្ធភាពខ្ពស់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
លោកជំទាវ ឆាយ ស៊ីវលីន បានបន្ថែមថា ការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការចាប់ដៃគូគ្នារវាងទីភ្នាក់ងារទេសចរណ៍ចិន និងទីភ្នាក់ងារទេសចរណ៍កម្ពុជា ស្ដែងឱ្យឃើញអំពីការជំរុញកិច្ចសហការគ្នាជំរុញនៃភ្ញៀវទេសចរណ៍ទាំងពីរប្រទេស ដោយឃើញថា ទាំងបីក្រុមហ៊ុនពីខាងប្រទេសចិន និងបី ក្រុមហ៊ុននៃប្រទេសកម្ពុជា ហើយផ្នែកឯកជន បានចាប់ដៃគូគ្នាឡើងវិញនៅក្នុងការសហការគ្នា។
លោកស្រី ឆាយ ស៊ីវលីន បង្ហាញក្ដីរំពឹងទុកថា នឹងមានការផ្សព្វផ្សាយកាន់តែល្បីរន្ទឺនៃប្រទេសចិនអំពីសភាពការណ៍ អំពីការរីកចម្រើន អំពីការសហការគ្នា ជាពិសេសគឺស្ថានភាពទូទៅនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីឱ្យទេសចរចិនបានដឹង បានឮ បានជ្រាប ហើយមានទំនុកចិត្តក្នុងការជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ សម្រាប់ខែបន្តបន្ទាប់ ឆ្នាំបន្តបន្ទាប់ផងដែរ។
លោក គីម ស៊ុន នាយកប្រតិបត្តិការនៃក្រុមហ៊ុនការីទេសចរណ៍KL ថ្លែងថា ក្នុងនាមក្រុមហ៊ុនទេសចរណ៍KL មួយដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការព្រមព្រៀងគ្នា ជំរុញកំណើនលំហូរទេសចរណ៍ទស្សនាកម្ពុជា ខេត្តក្វាងស៊ីនេះដែរ គឺក្រុមហ៊ុនទេសចរណ៍KL របស់លោក ក៏ដូចក្រុមហ៊ុនជាដៃគូនានាទៀត នឹងខំប្រឹងសហការរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសគោលដៅទេសចរណ៍បៃតង ហើយនឹងបញ្ចុះតម្លៃលក់កញ្ចប់ទេសចរណ៍ នៅក្នុងរដូវទេសចរណ៍បៃតង ដើម្បីជំរុញភាពទាក់ទាញទេសចរនានានៅប្រទេសចិន មកទស្សនាកម្ពុជា ឲ្យមានកំណើនផងដែរ នៅក្នុងរដូវភ្លៀង កម្ពុជាមានទេសភាពបៃតងស្រស់ស្អាត ៕