កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមដងទន្លេមេគង្គ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។ការចុះ MoU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នារវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅពេលនេះ គឺធ្វើយ៉ាងពង្រីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះទៅទន្លេមេគង្គមួយដែលគ្មានប្លាស្ទិក។ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា៖ «នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវ ផងដែរ»បន្ទាប់ពីកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានសសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព ហើយដែលកន្លងមក កម្ពុជា បានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជំហានទី១ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានជោគជ័យ និងបានបន្តទៅជោគជ័យជំហានទី២ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលឆ្ពោះទៅភាពស្អាតទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស។ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ការចុះ MoU រវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាផ្នែកមួយចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានឆ្លងដែនផងដែរ។«នេះជាការប្តេជ្ញាចិត្តដ៏ធំទូលំទូលាយមួយក្នុងវិស័យបរិស្ថាន ជារួម ប៉ុន្តែយើងធ្វើការមួយជំហានម្តងៗនេះ គឺយើងធ្វើការប្រយុទ្ធប្រឆាំងលើការបំពុលដោយប្លាស្ទិក ដែលកំពុងបំពុលដល់បរិស្ថាន នៅតាមដងទន្លេមេគង្គ តាមទីជនបទ និងតាមទីប្រជុំជននានានៅក្នុងប្រទេសទាំងពីរជាដើម»។ នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៕