កម្ពុជា និងអូរស្ត្រាលី ប្តេជ្ញាបន្តជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែស្និតស្នាលថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
ភាគីទាំងពីរបានលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ។
នៅក្នុងជំនួបនេះ ជាកិច្ចស្វាគមន៍ សម្តេចរដ្ឋសភាធិបតី បានអបអរសាទរដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានការទទួលតែងតាំងនៅតួរនាទីដ៏សំខាន់ មកព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងឱកាសនេះសម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកឡើងវិញ និងថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ដែលតែងតែជួយដល់កម្ពុជា ដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានកើតឡើងតាំងពីឆ្នាំ១៩៥២ ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង ។លើសពីនេះ ទោះបីកាលៈទេសៈដែលកម្ពុជាមានសង្គ្រាម ក៏អូស្ត្រាលីបានជួយជ្រុំជ្រែងក្នុងការស្វែងរកសុខសន្តិភាពជូនដល់កម្ពុជា នៅក្នុងចុងទស្សវត្សឆ្នាំ១៩៨០ និងក្នុងដើមទស្សវត្ស១៩៩០ ដោយបានចូលរួមក្នុងការរៀបចំការបោះ ឆ្នោត ហើយបានបន្តមកធ្វើកិច្ចសហការជាប្រចាំទៅលើការអភិវឌ្ឍន៍ ជាក់ស្តែងទៅលើជំនួយអភិវឌ្ឍន៍ ក៏ដូចជាការវិនិយោគផ្សេងៗផងដែរ។ នៅក្នុងឱកាសនេះ ទាក់ទងទៅនឹងវិស័យអប់រំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានថ្លែងអំណរគុណផងដែរដល់ប្រទេសអូស្ត្រាលី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការ ក៏ដូចជាប្រជាជនទូទៅ ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្នក ទទួលបានអាហារូបករណ៍នេះរហូតដល់ជាង១ពាន់នាក់ និងសម្រាប់ការសិក្សាទូទៅ តាមរយះការបង់ថ្លៃសម្រាប់ការសិក្សាវិញក៏មានច្រើនផងដែរ។ បន្ថែមពីនេះ ចំពោះទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំពីរ គឺជាទំនាក់ទំនងតាមរយះការទូតសភាផង និងតាមរយះប្រជាជនផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ អំពីទំនាក់ទំនងរវាងអូស្ត្រាលីជាមួយអាស៊ាន ដែលទំនាក់ទំនងនេះមានការរីកចម្រើន រហូតឈានទៅដល់ការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ រកសុខសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងក្នុងតំបន់មេគង្គ និងអាស៊ានផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេស អូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធារដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអនុញ្ញាតិឲ្យរូបឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារនាថ្ងៃនេះ។ នៅក្នុងឱកាសនេះ ឯកឧត្តម ក៏បាន រំលឹកផងដែរ ពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដែល ប្រទេសអូស្ត្រាលីតែងតែចាត់ទុកអាស៊ីអាគ្នេយ៍ ក៏ដូចជាកម្ពុជា ជាមិត្តភក្ត្រ ជាដៃគូដ៏ល្អ ដើរតួនាទីដ៏សំខាន់ ។ កម្ពុជា គឺជា
ជាផ្នែកមួយដ៏សំខាន់នៅក្នុងតំបន់មេគង្គ និងក្នុងអាស៊ាន ហើយទំនាក់ទំនងទាំងពីរនេះ អូស្ត្រាលីតែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អ ហើយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់កម្ពុជា គឺព្យាយាមធ្វើយ៉ាងណា តែងតែមានការបត់បែន ដែលឆ្លើយតប ទៅនឹងការផ្លាស់ប្តូរ ក៏ដូចជាស្ថានការណ៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសទាំងសង្ខាង។
ឆ្លៀតក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានលើកអំពីទំនាក់ទំនង ដែលបានសហការគ្នានាពេលកន្លងមក ទាំងលើវិស័យអប់រំ វិស័យកសិកម្ម និងកិច្ចសហប្រតិបត្តិការទៅលើការ ងារបោសសម្អាតមីន ដែលអូស្ត្រាលីតែងតែជួយដល់កម្ពុជា ដែលរហូតមកដល់ពេលនេះ កម្ពុជាបានក្លាយទៅជាតួអង្គ ដែលនាំមុខលើវិស័យដោះមីន និងគ្រឿងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ ដែលនៅចុងឆ្នាំនេះ កម្ពុជានឹងរៀបចំនៅកិច្ចប្រជុំកំពូលនៅទីក្រុងសៀមរាប សម្រាប់សន្និសីទអូតាវ៉ា ដែលកម្ពុជាយើងដើរតួនាទីជួយក្នុងការនាំមុខជាសកល. ហើយ ក៏បានចូលរួមចំណែកក្នុងការផ្តល់ការដឹកនាំជួយទៅដល់បណ្តាប្រទេសផ្សេងៗផងដែរ ក្នុងការបណ្តុះបណ្តាលទៅលើការដោះមីន។ ក្រៅពីនេះ អូស្ត្រាលី ក៏បានធ្វើកិច្ចសហប្រតិបត្តិការច្រើនជួយដល់កម្ពុជា លើការងារយ៉េនឌ័រ ការជម្រុញតួនាទីរបស់ស្ត្រី ក្នុងការទទួលបាននៅសេដ្ឋកិច្ច ចូលរួមនៅក្នុងការរក្សាបាននៅសុខសន្តិភាព តួនាទីនៅក្នុងវិស័យអបរំ ក៏ដូចជាវិស័យផ្សេងៗទៀត ក៏ដូចជាការអភិវឌ្ឍន៍ផងដែរ ។ ហើយក្នុង នោះអូស្ត្រាលី នឹងបន្តជួយទៅលើវិស័យដ៏សំខាន់នានា ដូចជា វិស័យការអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអភិបាលកិច្ចស្ថាប័ន ការវាយតម្លៃទៅលើផលប៉ះពាល់នៃលិខិតគតិយុត្តផ្សេងៗផងដែរ ក៏ដូចជាគោលនយោបាយនានា។
ភាគីទាំងពីរ កម្ពុជា និងអូរស្ត្រាលី ក៏បានប្តេជ្ញាបន្ត ជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែស្និតស្នាលថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងប្រជាជននៃប្រទេសទាំងពីរ ឆ្លើយតបទៅតាមបំណងប្រាថ្នារបស់ប្រជាជន ដែលចង់បានការរស់នៅប្រកបដោយសុខសន្តិភាព ការអភិវឌ្ឍន៍ និងមានសុខដុមរមនា។បន្ថែមលើនេះ ភាគីទាំងពីរ បានយល់ស្របធ្វើយ៉ាងណាព្យាយាមជម្រុញឲ្យមានទំនាក់ទំនងសភា និងសភានៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផ្តល់នៅផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសយើងទាំងពីរ៕