កម្ពុជា បានដាក់ផែនការឆ្ពោះទៅ ការគ្របដណ្តប់សុខភាព ជាសកល ដល់ពលរដ្ឋ ៨០ភាគរយ នៅត្រឹមឆ្នាំ២០៣៥
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការឆ្ពោះទៅ ការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឱ្យដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសឱ្យបាន៨០ភាគរយ នៅត្រឹមឆ្នាំ២០៣៥ ខណៈគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានគ្របដណ្ដប់ ដោយប្រព័ន្ធគាំពារសុខភាពសង្គម មានចំនួនប្រមាណ៧,៥៧លាននាក់ ឬស្មើនឹងប្រមាណ៤៤,៥ភាគរយ នៃពលរដ្ឋសរុប។
នេះជាការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយ«ផែនទី បង្ហាញផ្លូវឆ្ពោះទៅ ការគ្របដណ្តប់សុខភាព ជាសកលនៅម្ពុកជា» កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ក៏ដូចជាបង្កើនសហការ និងលើកកម្ពស់យន្តការ អភិបាលកិច្ចដើម្បី បម្រើដល់ការតម្រង់ទិស, ការសម្របសម្រួល, ការអនុវត្ត , ដំណើរការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្ដរាល់គោលនយោបាយ, យុទ្ធសាស្រ្ដ និងអន្តរាគមន៍នានា ដែលបានកំណត់និងចង្អុលបង្ហាញក្នុងផែនទីបង្ហាញផ្លូវ។
ឯកឧត្តមបណ្ឌិត បាបគួសបញ្ចាក់ថា «ការគ្របដណ្តប់សុខភាពជាសកល ជាការប្តេជ្ញាចិត្ត របស់ប្រទេសនានា ក្នុងពិភពលោក ដែលជាសមាជិក នៃអង្គការសុខភាពពិភពលោក ក្នុងការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនប្រឈមបញ្ហាផ្នែកហិរញ្ញវត្ថុ»។
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ដោយចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និង ធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ និងត្រូវបានទុកចោល ដោយមិនមានការយកចិត្តទុកដាក់ ក្នុងការពិនិត្យ និងការព្យាបាលថែទាំ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការកំណត់គោលដៅជាក់លាក់ចំនួន៣រួមមាន៖ ១. ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម ឱ្យបាន៨០ភាគរយ នៃពលរដ្ឋសរុប, ២. ការបង្កើនសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច៨០ភាគរយ, និង៣. ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះ នឹងដើរតួជាមគ្គុទេសក៍សម្រាប់ការអនុវត្ត និងការវិនិយោគជាយុទ្ធសាស្ត្រឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ក្នុងរយៈពេល១២ឆ្នាំខាងមុខ។ ពោលគឺ ដល់ឆ្នាំ២០៣៥ ដោយកំណត់នូវជម្រើសគោលនយោបាយអាទិភាព សម្រាប់ការកែទម្រង់ស៊ីជម្រៅ តាមដំណាក់កាល តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាល, ទាំងសាធារណៈ និងឯកជន សំដៅលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព កាត់បន្ថយឱ្យបានជាអតិបរមានូវទំហំនៃចំណាយពីហោប៉ៅផ្ទាល់របស់ពលរដ្ឋលើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់វិស័យសុខាភិបាល, ដូចត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងៗ នៅក្នុងវិមាត្រទាំង៣ដែលមានភាពប្រទាក់ក្រឡា។
ប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឯកឧត្តម ចន ណារិទ្ធ បានឱ្យដឹងថា ការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយនេះ មានចំនួនសន្ធឹកសន្ធាប់។ ជាក់ស្តែង ចំណាយសរុបលើវិស័យសុខាភិបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ចំនួនប្រមាណ២.២៩៣ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៧៣លានដុល្លារអាម៉េរិក ដោយមានកំណើនជិត៣ដង បើធៀបនឹងឆ្នាំ២០១៣ ដែលមានត្រឹមចំនួន៩០៣ ប៊ីលានរៀល សមមូលនឹងប្រមាណ២២៦លានដុល្លារអាម៉េរិក។ ជានិន្នាការទៅមុខ, ចំណាយក្នុងវិស័យនេះ នឹងបន្តកើនជាលំដាប់បន្ថែមទៀត ដោយផ្សារភ្ជាប់នឹងការពង្រឹងប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពចំណាយ ព្រមជាមួយនឹងការបង្កើនលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋ៕