កម្ពុជា រៀបចំពិធីពិសារអារហារ ទទួលស្វាគមន៍គណៈប្រតិភូបណ្តាប្រទេស ជាសមាជិកអនុសញ្ញាអូតាវ៉ា ក្នុងឱកាសដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន
នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា រៀបចំពិធីពិសារអាហារ ទទលស្វាមគន៍គណៈប្រតិភូបណ្តាប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នៅមុខប្រាសាទបាយ័ន ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ Mired Raad Al-Hussein នៃប្រទេស ហ្ស៊កដានី បេសកជនពិសេសនៃអនុសញ្ញាហាមមីនប្រឆាំងមនុស្ស ឯកឧត្តមបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP ជូនចំពោះថ្នាក់ដឹកនាំបណ្តាប្រទេស ជាសមាជិកអនុសញ្ញាអូតាវ៉ា ក្នុងឱកាសដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានប្រសាសន៍ថា កម្មវិធីនាពេលនេះ ជាឱកាសដ៏អស្ចារ្យមួយ ដែលបានមកជួបជុំគ្នានៅទីនេះនៅប្រាសាទបាយ័ន ដែលជា កន្លែងមួយដែលមិនត្រឹមតែជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ។ប្រាសាទបាយ័ន បានឃើញការផ្លាស់ប្តូរជាច្រើនសតវត្សមកហើយ ប៉ុន្តែនៅតែ រឹងមាំ ដូចចក្ខុវិស័យរួមរបស់យើងដែរ គឺដើម្បីបង្កើតពិភពលោកមួយដែលមនុស្ស គ្រប់រូបអាចដើរបានដោយសុវត្ថិភាព និងសន្តិភាព។ ហើយនៅពេលដែលយើង ប្រមូលផ្តុំគ្នាជុំវិញតុនេះ វាជាការរំលឹកថា មិត្តភាពដែលយើងកសាងនៅ ថ្ងៃនេះគឺមានសារៈសំខាន់សម្រាប់បេសកកម្មរបស់យើង ដូចជាសមិទ្ធិផលណាមួយ ដែលយើងអបអរ។ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអន្តរជាតិទាំងអស់ ដែលគាំទ្រ ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទពិនិត្យឡើងវិញលើកទី ៥ មានដូចជា ៖ អូស្ត្រាលី កាណាដា ចិន បារាំង សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ ន័រវែស ស្វីស ចក្រភពអង់គ្លេស សហភាពអឺរ៉ុប សហប្រតិបត្តិការអន្តរជាតិកូរ៉េ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ និងកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ផងដែរ។គូសបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និងបេីកជាផ្លូវការនៅ្រពឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍វិស័យសកម្មភាពមីនសកល រួមគ្នាបន្តការប្តេជ្ញាចិត្តលុបបំបាត់ ការរងទុក្ខវេទនាដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស៕