កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព 

ក្នុងឱកាសនៃជំនួប ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីនបានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា ។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។

សម្ដេចធិបតីបានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា។ សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែងមិនប្រពៃណីផងដែរ៕