កម្មវិធីទូរទស្សន៍សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ ត្រូវបានបើកជាផ្លូវការ

នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងព័ត៌មាន ព្រមទាំងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានគាំទ្រដោយមេគង្គ ទ្បានឆាង និងក្រសួងការបរទេស បានរៀបចំពិធីបើកកម្មវិធីទូរទស្សន៍សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ ដែលបានប្រារព្ធនៅ អូតែល សុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម កឹម គុណវឌ្ឍន៍ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។

តាមប្រសាសន៍ក្នុងពិធីបើកកម្មវិធីទូរទស្សន៍សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឲដឹងថាកម្មវិធីទូរទស្សន៍សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ និងភាពយន្តឯកសារនេះ មានគោលបំណងប្រាប់ពីរឿងរ៉ាវនៃសសរស្តម្ភទាំងប្រាំមួយ ដែលទ្រទ្រង់សហគមន៍ នៅតាមដងទន្លេនិងប្រជាជនដែលបានរស់នៅដោយសុខដុមរមនាជាមួយនឹងផ្លូវទឹកដ៏សំខាន់នេះអស់ជាច្រើន សតវត្សមកហើយ។
ឯកឧត្តម ឃឹម វុទ្ធី បានបន្តថា វីដេអូដែលបានផលិតមានចំនួន ២៥ប្រធានបទ ដែលនឹងគ្របដណ្តប់លើសសរស្តម្ភសំខាន់ៗចំនួនប្រាំមួយ ជាឯកសារអំពីជីវិតរស់នៅតាមដងទន្លេមេគង្គ ចាប់ពីខេត្តព្រះវិហារ រហូតដល់ស្ទឹងត្រែង ក្រចេះ ព្រៃវែង និងលាតសន្ធឹងពីព្រំដែនឡាវ ដល់វៀតណាម។ នេះមិនមែនគ្រាន់តែជាវីដេអូឯកសារប៉ុណ្ណោះទេ តែជាដំណើរដែលបង្ហាញពីខ្លឹមសារនៃទន្លេមេគង្គ និង សារៈសំខាន់របស់វា ចំពោះប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា និងចិន។
ឯកឧត្តម ឃឹម វុទ្ធី បានបញ្ជាក់ថាសរសរស្តម្ភទាំង៦ មានដូចជា:

១. ការអភិរក្សវប្បធម៌
២. ការអភិរក្សសហគមន៍
៣. ជីវភាពរស់នៅតាមដងទន្លេ
៤. កសិកម្មសម្រាប់ប្រទេសចំនួនប្រាំមួយ
៥. កិច្ចសហប្រតិបត្តិការឆ្លងដែន
៦. ជីវិតនៃសុភមង្គលនិងវិបុលភាព

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម កឹម គុណវឌ្ឍន៍ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថាគម្រោង ផលិតភាពយន្តឯកសារដ៏មានសារសំខាន់នេះ អនុវត្តន៍ដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា គឺជា សកម្មភាពដ៏សំខាន់មួយក្នុងដំណើររបស់ជាតិយើង ដើម្បីអភិរក្ស ផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូ ឯកសារដែលនឹងបង្ហាញពីសម្បត្តិដ៏សម្បូណ៌បែបនៃបេតិកភណ្ឌវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអច្ឆរិយៈធម្មជាតិរបស់ទឹកដីដែលជាមាតុភូមិរបស់កម្ពុជា។ តាមរយៈការរំលេចរឿងពិតរបស់ប្រជាជនកម្ពុជា បង្ហាញពីការតស៊ូឧស្សាហ៍ព្យាយាម និងជោគជ័យ ក្នុងជីវិតតាមរយ:ការអាស្រ័យផលដែលបានមកពីប្រភពទឹកទន្លេមេគង្គ ជាមួយសកម្មភាពនានាក្នុងការថែ រក្សាការពារធនធានដ៏សំខាន់នៅតាមដងទន្លេ វីដេអូឯកសារនេះនៅបានធ្វើជាតឹកតាងក្នុងការលុបបំបាត់ ទស្សន:វាយប្រហារផ្ទុយពីការពិតជាក់ស្តែងបំផ្លើសបំពានធ្វើឱ្យមានការយល់ខុសដែលបង្កឡើងដោយអ្នក អគតិដែលព្យាយាមធ្វើឱ្យខូចដល់វឌ្ឍនភាពរបស់ប្រជាជន និងប្រទេសជាតិទាំងមូល។

ឯកឧត្ដម កឹម គុណវឌ្ឍន៍ បានឲដឹងបន្ថែមថា គម្រោងការនេះមិនមែនគ្រាន់តែជាវីដេអូឯកសារប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពមួយចំពោះការប្តេ ជ្ញាចិត្តរបស់យើងចំពោះការពិត តម្លាភាព និងការអភិវឌ្ឍន៍ជាតិ។ នេះគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីទប់ទល់នឹងការរីករាលដាលនៃព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ដែលកើតមាននៅក្នុងយុគសម័យ គមនាគមន៍និងព័ត៌មានឌីជីថល ពិសេសការវិវត្តន៍យ៉ាងលឿននៃបញ្ញាសិប្បមិត្ត AI នាពេលសព្វថ្ងៃ ។
ក្រសួងព័ត៌មានយកចិត្តទុកដាក់ក្នុងសកម្មភាពដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្នុង នាមជាស្ថាប័នសាធារណ:ក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ហើយក្រសួងព័ត៌មានតែងតែទទួលស្គាល់ពីតួនាទី យ៉ាងសំខាន់របស់អង្គភាពផ្សព្វផ្សាយ និងអ្នកសារព័ត៌មានដែលមានភាពត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ: តម្កល់មនសិការជាតិ បំរើដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំ ដោយបានចូលរួមលើក កម្ពស់ភាពសុខដុមរមនានៅក្នុងសង្គមកម្ពុជារបស់យើង ។ ឯកឧត្ដម កឹម គុណវឌ្ឍន៍ មានទំនុកចិត្តដោយជឿជាក់យ៉ាងច្បាស់ថា ភាពយន្តឯកសារសរសរស្គមទាំង៦ នៃការរស់នៅ តាមទន្លេមេគង្គនេះ មិនត្រឹមតែទាក់ទាញទស្សនិកជននៅក្នុងស្រុកបានយល់ដឹងកាន់តែស៊ីជម្រៅអំពី ធនធានធម្មជាតិ និងជីវិតរស់នៅរបស់ប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការភ្ជាប់ទំនាក់ទំនងតាមបណ្តា ប្រទេសនៃដងទន្លេមេគង្គ ឡានឆាង និងបង្ហាញចេញទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ និងយល់ដឹង កាន់តែច្បាស់ពីកម្ពុជាថែមមួយកម្រិតទៀត ហើយក៏ជាការទាក់ទាញអ្នកវិនិយោគបរទេស និងអ្នកទេសចរ ឱ្យធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនទ្វេដងថែមទៀត៕