កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ, ស្ថាបនិកកម្មវិធី អះអាងនឹងរៀបចំឱ្យបានកាន់តែល្អបន្ថែមទៀតនៅឆ្នាំ២០២៥

លោកស្រី ហាលី អាមីន ស្ថាបនិក និងជាប្រធានស្ថាប័ន Miss Planet International បានបញ្ជាក់ថា ទោះបីជាកម្មវិធីប្រឡងបរវកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំនេះ មានបញ្ហាតិចតួចក៏ពិតមែន តែលោកស្រី អាចដោះស្រាយបាន និងអាចដំណើរការបញ្ចប់ដោយរលូន ជោគជ័យតាមការគ្រោងទុក, លោកស្រីព្រមទទួលយកនូវរាល់មតិរិះគន់ដើម្បីស្ថាបនា និងបានអះអាងថា តាមរយៈបទពិសោធន៍ឆ្នាំនេះ លោកស្រីនឹងរៀបចំឱ្យបានកាន់តែល្អបន្ថែមទៀតនៅឆ្នាំ២០២៥។

លោកស្រី ហាលី អាមីន បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសដែលលោកស្រីដឹកនាំបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ រៀបចំសន្និសីទសារព័ត៌មាន ក្រោយការប្រកួត បានបញ្ចប់ ដោយមានការចូលរួមពីម្ចាស់ជ័យលាភីបវរកញ្ញាឯកភពផែនដីឆ្នាំ២០២៤ កញ្ញា MAHRA LUTFI មកពីប្រទេសអារ៉ាប់, កញ្ញា OLLA LEVINA ម្ចាស់មកុដ Miss Angel Planet International 2024 មកពីប្រទេសឥណ្ឌូណេស៊ី, កញ្ញា ខន សុវណ្ណសូនីតា បវរកញ្ញាឯកភពផែនដីកម្ពុជា និងមានបវរកញ្ញាឯកភពផែនដីអន្តរជាតិមកពីប្រទេសផ្សេងៗទៀត រួមទាំងមានអ្នកសារព័ត៌មានចូលរួមជាច្រើនរូ បទៀត។

គួរបញ្ជាក់ដែរថា តាមរយៈព្រឹត្តិការណ៍ «ប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤» ឬហៅថា Miss Planet International 2024 នេះ មានបេក្ខនារីមកពី៦៦ប្រទេសជុំវិញភពលោក ដែលចូលរួម ក្នុងការប្រកួតនេះសុទ្ធតែជាកម្លាំងចលករបំផុសគំនិតមនុស្សជាតិឱ្យចូលរួមក្នុងបុព្វហេតុភពផែនដី ចូលរួមការពារបរិស្ថាន ធនធានធម្មជាតិជាដើមឱ្យបន្តមាននិរន្តរភាព។

ការមកចូលរួមរបស់បរវកញ្ញាឯក ក្នុងការ ប្រកួតសម្រស់នៅប្រទេសកម្ពុជានេះ បាននាំពួកគេទៅកាន់គោលដៅវប្បធម៌បេតិកភណ្ឌនាខេត្តសៀមរាប ជាកន្លែងដែលពួកគេបានទស្សនា និងស្វែងយល់ពីប្រាសាទអង្គរវត្ត និងប្រាសាទបុរាណខ្មែរ ដ៏អស្ចារ្យដទៃ ទៀត ក៏ដូចជាបានឃើញទំនាក់ទំនងយ៉ាងស៉ីជម្រៅប្រជាពលរដ្ឋខ្មែរជាមួយទឹកដីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរ។ នៅកម្ពុជាមានតុល្យភាពរវាងមនុស្សនិងធម្មជាតិ ប្រាសាទបុរាណរាប់ពាន់ឆ្នាំ ឈរជាសក្ខីភាពដ៏ប៉ិនប្រសប់ និងសិល្បៈរបស់បុព្វបុរសខ្មែរ ហើយក៏ត្រូវបានបន្តថែរក្សាដោយកូនចៅជំនាន់ក្រោយៗមកទៀត។

លោកស្រី ហាលី អាមីន បានបញ្ជាក់ទៀតថា ទោះបីជាកម្មវិធីនេះបានបញ្ចប់ទៅដោយជោគជ័យ តាមការគ្រោងទុកតែយ៉ាងណាក៏មានមតិរិះគន់មួយចំនួនដែរ តែទោះបីជាយ៉ាងណា លោកស្រីព្រមទទួលយកមតិ រិះគន់ដើម្បីស្ថាបនា តែសម្រាប់មតិរិះគន់ដើម្បីជាន់ពន្លិច គឺមិនទទួលយកនោះឡើយ។

លោកស្រីអះអាងដែរថា ទម្រាំមានការបង្កើតកម្មវិធីនេះបានមិនមែនជាការងាយស្រួលនោះឡើយ និងបានអះអាងដែលថា ការបង្កើតកម្មបវរកញ្ញាឯកភពផែនដីអន្តរជាតិនេះ មិនធ្លាប់មានសម័យណាដែលកម្ពុជា បង្កើតបាននោះទេ មានតែសម័យកាលក្រោមការគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពនេះទេ ទើបអាចបង្កើតបាន។

ជាមួយគ្នានឹងចម្ងល់ជុំវិញការប្រកាសដកខ្លួនចេញនៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្ររបស់កញ្ញា ដេត ស្រីនាថ, លោកស្រី ហាលី អាមីន ក៏បានបញ្ជាក់ដែរថា ប្រហែលជាកញ្ញា ដេត ស្រីនាថ មិនបានសង្ឃឹមថានឹងជាប់បានតំណែងណាមួយសំខាន់ៗនោះទេ គាត់មិនមានជំនឿជឿជាក់លេីខ្លួនឯង ទើបគាត់សម្រេចលាលែងតែម្តង, តែទោះជាយ៉ាងណាលោកស្រីអះអាងដែរកញ្ញា ដេត ស្រីនាថ សមត្ថភាពនៅមានកម្រិតនៅឡើយ និងបានអះអាងដែរថាកញ្ញា បានស្នើសុំចូលប្រកួតវិញដែរ តែលោកស្រីមិនបានឯកភាពនោះទេ។

លោកស្រី ហាលី អាមីន បានអះអាងដែរថា ដោយមានបទពិសោធន៍ឆ្នាំនេះ ដោយបវរកញ្ញាកម្ពុជា បានប្រកាសឈប់មិនចូលរួមប្រកួតភ្លាម ៗ ដូចនេះឆ្នាំក្រោយនឹងមិនឱ្យមានបញ្ហាដូចឆ្នាំនេះទៀតទេ ដោយបេក្ខភាពបវរកញ្ញាកម្ពុជា នឹងត្រូវមានការចុះកុងត្រាយ៉ាងតឹងរឹងបំផុត ទេីបអនុញ្ញាតឱ្យចូលរួមប្រកួតបានផងដែរ។

សូមជម្រាបថា កម្មវិធីប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤ បានចាប់ផ្ដើមរៀបចំឡើងតាំងពីថ្ងៃទី១៩-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាកម្មវិធីដែលរៀបចំឡើងដោយសហគ្រិនខ្មែរ គឺអ្នកស្រី ហាលី អាមីន ស្ថាបនិកនិងជាប្រធានស្ថាប័ន Miss Planet International។ សម្រាប់ឆ្នាំនេះដែរមានបវរកញ្ញាមកពី៦៦ប្រទេស រួមមាន៖ កម្ពុជា កាណាដា កាហ្សាក់ស្ថាន កេនយ៉ា កុងហ្គោ កូរ៉េខាងត្បូង កូស្តារីកា កូឡុំប៊ី កាំមេរូន ក្រូអាស៉ី(ក្រូអាត) ចិន ចក្រភពអង់គ្លេស ជប៉ុន ស៉ីលី(ឈីលី) ដាណឺម៉ាក តង់ហ្សានី ថៃ នីហ្សេរីយ៉ា នូវែលសេឡង់ នេប៉ាល់ នែតដឺឡង់(ហូឡង់) នីហ្សេរីយ៉ា បាបាដូស បារាំង ប៉ាគីស្ថាន ប៉ារ៉ាហ្កាយ ប៉ូឡូញ ប៊ុលហ្ការី ប៊ែលហ្ស៉ិក ប្រេស៊ីល ព័រទុយហ្កាល់ ម៉ារ៉ុក ម៉ាឡេស៊ី ម៉ូរីស ម៉ិកស៊ិក រវ៉ាន់ដា រុស្សី លីបេរីយ៉ា លុចសំបួ វៀតណាម វ៉េណេស៊ុយអេឡា សហរដ្ឋអាមេរិក សិង្ហបុរី សេណេហ្កាល់ ស៊ុយអែត ស៊ែប៊ី ស្វីស ហៃទី ហុងកុង ហុងគ្រី ហ្វីលីពីន ហ្គ្រើណាដ ហ្សាម៉ាអ៊ីក ហ្ស៊ីមបាវ៉េ ហ្ស៊កដានី ហ្ស៊កហ្ស៊ី អាហ្វ្រិកខាងត្បូង អេមីរ៉ាត់អារ៉ាប់រួម អេរីត្រេ អូទ្រីស អ៉ីតាលី អ៉ីរ៉ង់ អ៉ីស្លង់ អ៊ុយក្រែន ឥណ្ឌា និងឥណ្ឌូណេស៊ី៕