កម្មវិធីប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិ លើកទី៤ ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការ
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា និងឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តំណាងឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញ ជាអធិបតីប្រកាសបើកជាផ្លូវការកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ លើកទី៤ ឆ្នាំ២០២៤ (The 4th Miss Planet International 2024) ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិធីក៏មានការចូលរួមពីលោកស្រី ហាលី អាមីន ស្ថានិក និងជាប្រធាន Miss Planet International ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាធារណជន ប្រមាណ ជាង ១,២០០នាក់ ចូលរួមអបអរសាទរពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៤ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
កញ្ញា Worawalan Phuktklang (Miss Planet International 2023) តំណាងបវរកញ្ញាភពផែនដី អន្តរជាតិ មកពី ៦៦ប្រទេស ជុំវិញពិភពលោក បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជាដែលបានរៀបចំ កម្មវិធីនេះជារៀងរាល់ឆ្នាំ និងបានអរគុណសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបវរកញ្ញាភពផែនដី អន្តរជាតិ ដែលបានចូលរួមទាំងអស់។
នាឱកាសនោះដែរលោកជំទាវ ឆាយ ស៊ីវលីន បានថ្លែងកោតសរសើរ និងអរគុណចំពោះ Miss Planet International និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានជួយជ្រោមជ្រែង និងបង្កើតកម្មវិធី មួយនេះ ឱ្យកើតមានឡើង ដើម្បីលើកកម្ពស់មុខមាត់ព្រះរាជាណាចក្រកម្ពុជាឱ្យស្មើនឹងបណ្តាប្រទេសនានាលើពិភពលោក។
លោកជំទាវឆាយ ស៊ីវលីន បានថ្លែងទៀតថា ថ្ងៃនេះជាថ្ងៃដែលយើងទាំងអស់គ្នាមានមោទនភាព ក្នុងការប្រកាសឲ្យសកលលោកដឹងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំការប្រកួតបវរកញ្ញាឯកភពផែនដី អន្តរជាតិ ឆ្នាំ២០២៤ ដោយភាពជឿជាក់ ដែលមានបេក្ខនារីមកពីជិត ៧០ប្រទេស បានចូលរួម ដែលនេះជាការប្រកួតលើកទី៤ហើយនៅក្នុងប្រទេសកម្ពុជា។ គោលបំណងក្នុងការក្នុងការរៀបចំឲ្យមានការ ប្រកួតនេះឡើង គឺចង់ប្រើប្រាស់ភាពល្បីល្បាញរបស់កម្មវិធីអន្តរជាតិ ប្រជាប្រិយភាពនៃវិស័យបវរកញ្ញា ភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសបេតិកភណ្ឌជាតិ ដ៏អច្ឆរិយរបស់យើងទៅកាន់សកលលោក ដោយមោទនភាពផងដែរ។
ឯកឧត្តម លី ណាវុឌ្ឍ បានឱ្យដឹងថា នេះជាលើកទី៤ ហើយដែលកម្ពុជា បានរៀបចំកម្មវិធីបវរកញ្ញាភពផែនដី អន្តរជាតិ ដែលលើកទី១ ក្នុងខែមីនា ឆ្នាំ២០១៩ មានបវរកញ្ញាភពផែនដី អន្តរជាតិ ចូលរួម ៣៣ប្រទេស លើកទី២ ក្នុងខែមករា ឆ្នាំ២០២៣ មានចំនួន១៨ប្រទេស លើកទី៣ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន៤៣ប្រទេស ហើយលើកទី៤ ក្នុងឆ្នាំ២០២៤នេះ មានបវរកញ្ញាភពផែនដី អន្តរជាតិ ចូលរួមចំនួន ៧០ប្រទេស មកពីជុំវិញពិភពលោក។ នេះបង្ហាញឱ្យឃើញថា កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងបានអរគុណសន្ដិភាព ដែលធ្វើឱ្យប្រជាជនរស់នៅមានសេចក្តីសុខ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋានគ្រឹះ នៃឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញនៅកម្ពុជា។
ឯកឧត្តម លី ណាវុឌ្ឍ ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្សជាអាទិភាពទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ផងដែរ។
នៅក្នុងឱកាសនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប និង លោកស្រី ហាលី អាមីន ស្ថានិក-ប្រធាន Miss Planet International ព្រមទាំងអ្នកឧបត្ថម្ភកម្មវិធីទាំងអស់បានចូលរួមកាត់ខ្សែបូ អបអរសាទរពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៤ ឆ្នាំ២០២៤ ផងដែរ។
សូមបញ្ជាក់ដែរថា បវរកញ្ញាភពផែនដី អន្តរជាតិ មកពី៦៦ប្រទេស ជុំវិញពិភពលោករួមមាន៖ ព្រះរាជាណាចក្រកម្ពុជា, អូទ្រីស, បាបាដូស, បែលហ្សិក, ប្រេស៊ីល, ប៊ុលហ្គារី, កាមេរូន, កាណាដា, ឈីលី, ចិន, កូឡុំប៊ី, កូស្តារីកា, ក្រូអាត, ដាណឺម៉ាក, កុងហ្គោ, អង់គ្លេស, អេរីទ្រា, បារាំង, ហ្សកហ្ស៊ី, ហ្គ្រេណាដា, ហៃទី, ហុងកុង, ហុងគ្រី, អ៉ីស្លង់, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់, អ៊ីតាលី, ហ្សាម៉ាអ៊ីក, ជប៉ុន, ហ្ស៊កដានី, កាហ្សាក់ស្ថាន, កេនយ៉ា, កូរ៉េ, លីបេរីយ៉ា, លុចសំបួរ, ម៉ាឡេស៊ី, ម៉ូរីស, ម៉ិកស៊ិក, ម៉ារ៉ុក, នេប៉ាល់, ហូឡង់, នូវែលសេឡង់, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, ប៉ារ៉ាហ្គាយ, ហ្វីលីពីន, ប៉ូឡូញ, ព័រទុយហ្គាល់, រុស្សី, រវ៉ាន់ដា, សេណេហ្គាល់, ស៊ែប៊ី, សិង្ហបុរី, អាហ្វ្រិកខាងត្បូង, ស៊ុយអែត, ស្វីស, តង់ហ្សានី, ថៃ, អារ៉ាប់រួម, អ៊ុយក្រែន, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, វ៉េណេស៊ុយអេឡា, វៀតណាម និងហ្ស៊ីមបាវ៉េ៕