កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤ (CAMESCO24) ជំរុញឱ្យមានថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន

កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ មកពី បណ្តាស្ថាប័នប្រមាណជិត ១០០ស្ថាប័ន។ ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ “ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន” ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយដែលបានសហការអនុវត្តដោយ សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។ 

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា “សហគ្រិនខ្មែរ បានកសាងនិងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងស្វែងរកសក្តានុពលដែលមិនទាន់ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីបង្កើតជាឱកាសនិងបង្កើនសក្តានុពល សម្រាប់ជួយដល់សហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចបង្កើតថ្មី យុវជន គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់ពួកគេ។ សហគ្រិនខ្មែរដើរតួជាកាតាលីករជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយពន្លឿនដល់ដំណើរការនៃការ ប្រែក្លាយគំនិតទាំងនោះឲ្យ ក្លាយទៅជាសកម្មភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព ដែលទាក់ទាញវិនិយោគិនក្នុងតំបន់បន្ថែម ឲ្យ ចាប់យកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា”។ 

កម្មវិធីសនិ្នសីទCAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ រួមមាន៖ កម្មវិធីជួបជុំ១ថ្ងៃដើម្បីសហគ្រិន កម្មវិធីកិច្ចប្រជុំបណ្តាញអ្នកកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព និងសកម្មភាពពង្រឹងប្រព័ន្ធអេកូឡូស៊ីមួយចំនួនថែមទៀត។ 

លោក Daniel Nugraha នាយកប្រចាំប្រទេសនៃអង្គការស្វីសខន់ថាក់ មានប្រសាសន៍ថា “អង្គការស្វីសខន់ថាក់ និងសហគ្រិនខ្មែរ ពិតជាមានមោទកភាពជាខ្លាំងដែលឃើញកម្មវិធីសន្នីសិទCAMESCO24វិវត្តន៍ទៅជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។  កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានបង្ហាញឱ្យឃើញពីថាមពលនៃភាពជាដៃគូក្នុងការជំរុញឱ្យមានផលវិជ្ជមានពិតប្រាកដ។ 

គួរកត់សម្គាល់ ក្នុងឆ្នាំ២០២៤ កម្មវិធីសន្និសីទមានប្រធានបទចំនួនពីរ៖ ប្រធានបទទី១ “ផ្តោតលើការបង្កើនថាមពលដើម្បីកសាងសេដ្ឋកិច្ចដែលមានផលវិជ្ជមាន” និងប្រធានបទទី២ “ផ្តោតទៅលើការបង្កើនថាមពលដើម្បី ជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព”។