ករណីភ្លើងឆាបឆេះព្រៃនៅរដ្ឋ Texas បង្កឡើងដោយប្រព័ន្ធព្យុះនាភាគកណ្តាលសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃនេះគឺវាបានរាលដាលលើផ្ទៃដី ទំហំ១៨.៥១៨ ហិចតារួចហើយ

ប្រព័ន្ធព្យុះមួយទៀតកំពុងជះឥទ្ធិពលអាក្រក់ដល់មនុស្សរាប់លាននាក់នៅភាគកណ្តាលសហរដ្ឋអាមេរិក ដោយទុកឱ្យផ្នែកខ្លះនៃតំបន់ Midwest និង Great Plains ស្ថិតនៅក្រោមលក្ខខណ្ឌខ្យល់ព្យុះបោកបក់ និងតំបន់ខ្លះនៃរដ្ឋជិតខាងត្រូវមានហានិភ័យដោយភ្លើងឆេះព្រៃ។ សេវាកម្មព្រៃឈើ Texas A&M បានរាយការណ៍កាលពីថ្ងៃពុធថាពួកគេបានឆ្លើយតបទៅនឹងករណីភ្លើងឆេះព្រៃថ្មីចំនួន ១៤ទីតាំង ចាប់ពីថ្ងៃអង្គារមក ដែលវាបានបានឆេះផ្ទៃដីទំហំ ១៨.៥១៨ ហិចតានៅទូទាំងរដ្ឋតិចសាស់ហើយ។ ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅ San Jacinto County ក្នុងរដ្ឋតិចសាស់បន្ថែមទៀតដែរ។ ភ្លើងឆេះព្រៃមួយកន្លែងទៀតស្ថិតនៅជិតទីក្រុង Borger រដ្ឋតិចសាស់ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីក្នុងរដ្ឋ និងនាំឱ្យមានការជម្លៀសមនុស្សចេញ និងគំរាមកំហែងដល់ផ្ទះចំនួន១២០១ខ្នង កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាមការបង្ហោះព័ត៌មានរបស់អាជ្ញាធរនៅលើបណ្តាញសង្គម Facebook ។ អាជ្ញាធរបានបញ្ជាក់ថា “តាមរយៈការឆ្លើយតបរហ័ស និងកិច្ចខិតខំប្រឹងប្រែង សហការគ្នាពីនាយកដ្ឋានជាច្រើននៅជុំវិញតំបន់របស់យើង ភ្លើងនៅតែស្ថិតក្រៅដែនកំណត់ទីក្រុងនៅឡើយទេ ប៉ុន្តែយើងក៏មិនបានបាត់បង់ផ្ទះណាមួយ ក្នុងចំណោមផ្ទះពលរដ្ឋទាំង ១២០១ខ្នងនោះដែរ ។ ក្រុមពន្លត់អគ្គីភ័យក៏បានឆ្លើយតបបន្ថែមទៅនឹងករណីអគ្គីភ័យជាច្រើនកន្លែងទៀតដែលបានកើតឡើងក្នុងរដ្ឋ Arkansas ដែរ ដែលវាមានខ្យល់បក់ខ្លាំងបង្ករជាហានិភ័យដូចគ្នា។ ការគម្រាមកំហែងភ្លើងឆាបឆេះព្រៃបានកើនឡើងចាប់ពីថ្ងៃអង្គារមក ហើយវានៅតែបន្តកើតមានកាលពីថ្ងៃពុធនេះ ជាមួយនឹងកត្តាហានិភ័យថ្មីជាច្រើននៅក្នុងផ្នែកខ្លះនៃរដ្ឋអូក្លាហូម៉ា ដោយវាអាចអូសបន្លាយរហូតដល់ថ្ងៃសុក្រ។ ក្រុមមន្ត្រីបាននិយាយថាគិតមកដល់ពេលនេះគឺមានផ្ទះជាង ៤០០ ខ្នងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ឬត្រូវបំផ្លាញទាំងស្រុង ហើយសម្លាប់មនុស្ស៤នាក់នៅទូទាំងរដ្ឋ៕
សម្រួលអត្ថបទ៖ សុផារិន្ទ