កសិករនៅខេត្តព្រៃវែងទទួលបានទិន្នផលស្រូវ ៧,៥ តោន ក្នុង ១ហិកតា បើទូទាត់ការចំណាយរួចអាចសល់បានចន្លោះពី៥លានរៀលទៅ៦លានរៀលក្នុង១ ហិកតា

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងសហការីបានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិតនៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅវព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងដំណើរពិនិត្យមើលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ពីការផលិតស្រូវពូជសាកល្បងរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ។
ជាក់ស្តែងបន្ទាប់ពីបានពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451) ដោយកសិករទទួលបានទិន្នផល ៧,៥ តោន ក្នុង ១ហិកតា ហើយបើទូទាត់ការចំណាយរួចអាចសល់បានចន្លោះពី៥លានរៀលទៅ៦លានរៀលក្នុង១ ហិកតា។
បច្ចុប្បន្ននេះ តម្លៃស្រូវកសិករលក់នៅវាលស្រែនៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរអាចលក់បានតម្លៃ ៩៩០រៀល ក្នុង១គីឡូក្រាម និងលក់ឲ្យរោងម៉ាស៊ីនបានតម្លៃ ១,០៣០រៀល ទៅ១,០៥០រៀល ក្នុង១គីឡូក្រាម ទៅតាមគុណភាពស្រូវ។
ឥឡូវនេះ រោងម៉ាស៊ីនកិនស្រូវខាងលើកំពុងតែប្រមូលទិញស្រូវពីប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តព្រៃវែង មានប្រភេទស្រូវ (OM 5451) ហើយរោងម៉ាស៊ីនក៍បានបន្តជំរុញការដាំដុះស្រូវសែនក្រអូបឲ្យបានច្រើនផងដែរ ព្រោះកំពុងមានតម្រូវការទីផ្សារខ្លាំង។