ការចុះពិនិត្យគម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ៨៨ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបម៉ាស៊ីន Stabilizer (វិធីសាស្ត្រពង្រឹងតួថ្នល់ដែលខូចខាត ដោយមិនចាំបាច់កាយតួថ្នល់ដែលខូចខាតចេញ)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសា សន៍ថា ម៉ាស៊ីន Stabilizer ជាមធ្យោបាយមួយគាំទ្រដល់គោល នយោបាយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានគុណភាព មានភាពធន់ទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងកាត់ បន្ថយការបញ្ចេញកាបូន ស្របទៅនឹងបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងបែបនេះក្នុងឱកាស អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងផ្លូវជាតិលេខ៨៨ ប្រវែង ៥ ៦៣០ម នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការចុះពិនិត្យគម្រោងនេះ ដើម្បីតាមដានវឌ្ឍនភាពការងារគម្រោង ការអនុវត្តការងារសាងសង់ផ្លូវដោយប្រើប្រាស់ម៉ាស៊ីន Stabilizer និងពិនិត្យការងារអ៊ុតកៅស៊ូ Overlay AC ក្នុងការលើកកម្រិតគុណភាពផ្លូវ ដែលមានអត្ថប្រយោជន៍ជាច្រើនក្នុងការការពារបរិស្ថាន កាត់បន្ថយកាបញ្ចេញកាបូន សន្សំសំចៃសម្ភារដោយចាស់មកប្រើប្រាស់ឡើងវិញ ជួយកាត់បន្ថយផលរំខានផ្សេងៗ និងការកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីការបិទផ្លូវសម្រាប់ការដ្ឋាន ហើយការប្រើប្រាស់ម៉ាស៊ីននេះ អនុញ្ញាតឱ្យចរាចរណ៍បើកដំណើរការវិញបាន ភ្លាមៗបន្ទាប់ពីការងារពង្រឹងគ្រឹះផ្លូវបានបញ្ចប់ ដែលមិនរំខាន ដល់ការរស់នៅ និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមថា ម៉ាស៊ីន Stabilizer ជាមធ្យោបាយមួយគាំទ្រដល់គោលនយោបាយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានគុណភាព មានភាពធន់ទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងកាត់បន្ថយការបញ្ចេញកាបូន ស្របទៅនឹងបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ គឺការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដោយធានាបាននូវចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ នេះ ផ្លូវជាតិលេខ៨៨ ត្រូវបានជួសជុលដោយពង្រឹងគ្រឹះឡើងវិញ (Stabilizer) និងអ៊ុតកៅស៊ូ AC កម្រាស់ ៥០មម ប្រវែង ៥ ៤៧៥ម ទទឹង ១០ម ពីចំណុចប្រសព្វផ្លូវ ជាតិលេខ៨ (គ.ម១២៤) ដល់ច្រកទ្វារអន្តរជាតិម៉ឺនជ័យ (កម្ពុជា-វៀតណាម) ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលគម្រោងនេះនឹងត្រូវបញ្ចប់ នាខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕