ការតស៊ូរបស់លោក Yoon Suk Yeol ត្រូវបរាជ័យហើយ! ដោយថ្ងៃសៅរ៍នេះសំណើរចោទប្រកាន់លោកក្នុងសភាកូរ៉េគឺ២០៤ទល់នឹង៨៥សម្លេងប្រឆាំង ហើយលោកនឹងត្រូវគេព្យួរអំណាចក្នុងរយៈពេលដ៏ខ្លី
ទីបំផុតសភាកូរ៉េខាងត្បូងបានបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់ក្នុងខែធ្នូបានសម្រេចហើយនៅថ្ងៃសៅរ៍នេះ។ រដ្ឋសភាបានអនុម័តសំណើនេះក្នុងសំឡេង២០៤ទល់នឹង៨៥សម្លេងប្រឆាំង លើសពីចំនួនដែលរំពឹងទុកដោយសប្តាហ៍មុនសភាមានតែ១៩២សម្លេង ដោយត្រូវការតែ៨សម្លេងប៉ុណ្ណោះ។ មិនយូរប៉ុន្មានអំណាច និងភារកិច្ចរបស់ប្រធានាធិបតី Yoon Suk Yeol នឹងត្រូវព្យួរ បន្ទាប់ពីសេចក្តីអនុម័តនេះត្រូវចម្លងដោយភ្ជាប់ឯកសារជាច្រើនស្តីពីការចោទប្រកាន់លោក និង បញ្ជូនទៅកាន់រូបលោកដោយផ្ទាល់និងទៅកាន់តុលាការធម្មនុញ្ញជាផ្លូវការ។ បន្តមកតុលាការមានពេលរហូតដល់១៨០ថ្ងៃដើម្បីកំណត់ថាតើត្រូវបណ្តេញលោក Yoon Suk Yeol ចេញពីតំណែងជាប្រធានាធិបតី ឬទុកពេលឲ្យលោកស្ដារអំណាចរបស់លោកឡើងវិញ។ ប្រសិនបើលោក Yoon Suk Yeol ត្រូវបានបណ្តេញចេញពីតំណែង នោះការបោះឆ្នោតថ្នាក់ជាតិនឹងត្រូវចាប់ផ្តើមថ្មីដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោកក្នុងរយៈពេល៦០ថ្ងៃប៉ុណ្ណោះ។
សូមរំលឹកថាការប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol គឺជាច្បាប់លើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង៤ទសវត្សរ៍មកនេះក្នុងប្រទេសកូរ៉េខាងត្បូង ដោយវាមានរយៈពេលត្រឹមតែ៦ម៉ោងប៉ុណ្ណោះ ប៉ុន្តែវាបានបង្កឱ្យមានភាពចលាចលផ្នែកនយោបាយដ៏ធំ ទម្លាក់សេដ្ឋកិច្ចក្នុងស្រុក បញ្ឈប់សកម្មភាពការទូត និងទីផ្សារហិរញ្ញវត្ថុ បង្ករភាពច្របូកច្របល់មិនធ្លាប់មាន។ បន្ទាប់មកប្រធានាធិបតីរូបនេះត្រូវបង្ខំចិត្តឱ្យដកច្បាប់អាជ្ញាសឹកនោះវិញ បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទឱ្យលុបចោលមុនថ្ងៃរៈ។ បន្ទាប់ពីប្រកាសច្បាប់អាជ្ញាសឹក លោក Yoon ក៏បានបញ្ជូនទាហាន និងប៉ូលិសរាប់រយនាក់ទៅកាន់សភា ដើម្បីព្យាយាមរារាំងដំណើរការបោះឆ្នោតរបស់ខ្លួនលើក្រឹត្យនេះដែរ មុនពេលពួកគេបានដកច្បាប់នោះចេញ ដែលជាសកម្មភាពបដិសេធរសប់សមាជិកសភា និងមិនមានអំពើហិង្សាធ្ងន់ធ្ងរបានកើតឡើងនោះដែរ។
គណបក្សប្រឆាំង និងអ្នកជំនាញជាច្រើនបានចោទប្រកាន់លោក Yoon ថាមានចេតនាប្រើច្បាប់អាជ្ញាសឹកដើម្បីបះបោរចំពោះអ្នកដែលប្រឆាំងរូបលោក ដោយលើកឡើងពីឃ្លាច្បាប់ដែលចាត់ថ្នាក់ថាជាការបះបោរ ដំណាក់កាលនៃកុបកម្មប្រឆាំងនឹងអាជ្ញាធររបស់រដ្ឋបាល ដែលបានបង្កើតឡើងដើម្បីធ្វើឱ្យប៉ះពាល់ដល់ច្បាប់រដ្ឋធម្មនុញ្ញក្នុងប្រទេស។ ពួកគេក៏និយាយផងដែរថាតាមច្បាប់ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានអនុញ្ញាតឱ្យប្រកាសច្បាប់អាជ្ញាសឹកមែន ប៉ុន្តែគឺនៅអំឡុងពេលមានសង្រ្គាម ឬស្ថានភាពអាសន្នស្រដៀងគ្នាប៉ុណ្ណោះ ហើយប្រធានាធិបតីមិនមានសិទ្ធិផ្អាកប្រតិបត្តិការរបស់សភាណាមួយឡើយ សូម្បីតែនៅក្រោមច្បាប់អាជ្ញាសឹកនោះក៏ដោយ៕
សម្រួលអត្ថបទ៖សុផារិន្ទ