ការថែទាំផ្លូវចិត្ត ត្រូវបានទទួលស្គាល់ថា ជាផ្នែកសំខាន់មួយ នៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងសង្គម ដែលមិនគួរត្រូវបានមើលរំលង ឬទុកឱ្យជាការពិភាក្សា របស់អ្នកជំនាញប៉ុណ្ណោះទេ

ក្នុងសិក្ខាសាលា ស្តីពី ការថែទាំដែលយល់ដឹងពី ការប៉ះទង្គិចផ្លូវចិត្ត ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច មានប្រសាសន៍ថា ការថែទាំផ្លូវចិត្ត ត្រូវបានទទួលស្គាល់ថា ជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងសង្គម ដែលមិនគួរត្រូវបានមើលរំលង ឬទុកឱ្យជាការពិភាក្សារបស់អ្នកជំនាញប៉ុណ្ណោះទេ តែបុគ្គលគ្រប់រូប គ្រួសារ សាលារៀន សហគមន៍ និងក្រសួង ស្ថាប័ន និងអង្គការ ត្រូវចូលរួមសកម្មក្នុងការចែករំលែក ការយល់ដឹង និងបង្កើតបរិយាកាសគាំទ្រ ដែលផ្តល់ភាពសុវត្ថិភាពផ្លូវចិត្តចំពោះគ្នាទៅវិញទៅមក។
ឯកឧត្តម សរ បូរីរក្ស បានបន្តថា ការប៉ះទង្គិចផ្លូវចិត្ត គឺជាបញ្ហាដែលគេមើលឃើញថាធម្មតា ប៉ុន្តែពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងការរស់នៅប្រចាំថ្ងៃ។ ពីរបួសផ្លូវចិត្តក្រោមអំពើហិង្សា ការបាត់បង់កូន គ្រួសារ ឬការបាត់បង់អំណាចក្នុងជីវិត ទាំងអស់នេះអាចនាំឲ្យកើតមានបញ្ហាសុខភាពផ្លូវចិត្តយ៉ាងយូរអង្វែង ប្រសិនបើគ្មានការពិនិត្យ និងថែទាំឱ្យបានទាន់ពេលវេលា។ សិក្ខាសាលានេះ គឺបង្កើនការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត ការទទួលស្គាល់ ការឆ្លើយតបឱ្យបានសមស្រប និងការផ្តល់ជំនួយ ផ្លូវចិត្តដល់អ្នករងផលប៉ះពាល់។ ការរថែទាំផ្លូវចិត្តមិនមែនជាការចូលមកព្យាបាលក្រោយពេលមានបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដំបូង ដើម្បីបង្ការ ការពារ និងស្ដារឡើងវិញនូវសុខុមាលភាពផ្លូវចិត្តរបស់មនុស្សម្នាក់។
ឯកឧត្តម បញ្ជាក់ទៀតថា នៅក្នុងបរិបទសង្គមសព្វថ្ងៃ មនុស្សជាច្រើនត្រូវរងសំពាធជាច្រើនប្រភេទ រួមទាំងអំពើហិង្សា, ភាពខ្វះខាតឧបត្ថម្ភសង្គម, និងអំពើបំពាននានា ការថែទាំផ្លូវចិត្តក្លាយជាឧបករណ៍សំខាន់ក្នុងការបង្កើតភាពធន់នឹងការលំបាក និងអភិវឌ្ឍជីវិតឱ្យរឹងមាំឡើងវិញ។ ការថែទាំផ្លូវចិត្តជាប្រភពនៃកម្លាំង ជួយឱ្យបុគ្គលយល់ខ្លួនឯងច្បាស់ មានសមត្ថភាពគ្រប់គ្រងអារម្មណ៍ និងអាចស្ថិតនៅក្នុងសង្គម ដោយទំនាក់ទំនងវិជ្ជមាន។ ជាពិសេសសម្រាប់កុមារ និងយុវជន ការថែទាំផ្លូវចិត្តជាប្រភពសំខាន់សម្រាប់ការលូតលាស់ ដល់កម្រិតពេញវ័យជាបុគ្គលដែលមានសុខភាពគ្រប់វិស័យ។
លោកស្រី សំ ស្រីណា នាយិកាអង្គការមូលនិធិហាការអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា លោកស្រីមានមោទនភាពណាស់ សម្រាប់អង្គការហាការកម្ពុជា ដែលបានចូលរួមចំណែកដ៏សំខាន់ ជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច ក្នុងការរៀបចំសិក្ខាសាលា ស្ដីពី ការថែទាំដែលយល់ដឹងពី ការប៉ះទង្គិចផ្លូវចិត្ត លើសពីនេះគឺការដាក់បញ្ចូលមេរៀនការថែទាំ ដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្តនេះ ទៅក្នុងកម្មវិធីសិក្សារបស់វិទ្យាស្ថាន សម្រាប់ការបន្ថែមនូវគុណវុឌ្ឍដល់មន្ត្រី បុគ្គលិកសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារវិជ្ជាជីវៈ ប្រកបដោយការយល់ដឹងពី ការប៉ះទង្គិចផ្លូវចិត្ត អោយកាន់តែនាំផលជះជាវិជ្ជមានដល់សហគមន៍ ជនរងគ្រោះ ដែលមកទទួល សេវាសង្គមកិច្ច។
លោកស្រី បានបញ្ជាក់ថា អង្គការហាការ បានបង្កើតឡើងដំបូងដោយ លោក Pierr Tamy ដែលជាជនជាតិស្វីសក្នុងឆ្នាំ 1994 ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រី និងកុមារ ដែលកំពុងរងគ្រោះក្នុងគ្រួសារ និងសហគមន៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ហាការ ក៏មានកម្មវិធីបង្កាទប់ស្កាត់ អំពើជួញដូរមនុស្ស និងការរំលោភបំពាននានា នៅតាមសហគមន៍ ដែលងាយរងគ្រោះផងដែរ ធ្វើឡើងដោយមានការចូលរួមសហការពីអាជ្ញាធរក្នុងតំបន់ អ្នកដឹកនាំគ្រឹស្ទសាសនា ជាគ្រីស្ទបរិស័ទ្ធ ក្រុមឪពុកម្តាយល្អ ក្រុមយុវជន កុមារ និងគណៈគ្រប់គ្រងសាលារៀន នៅក្នុងតំបន់គោលដៅរបស់អង្គការហាការ។