ការបណ្តុះបណ្តាលមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ការបំពេញតួនាទីសំខាន់ៗរបស់រដ្ឋសភា

ការបណ្តុះបណ្តាលមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ការបំពេញតួនាទីសំខាន់ៗរបស់រដ្ឋសភា 

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង

“ពិធីបើកវគ្គបណ្តុះ បណ្តាលមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម 

នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល” 

នាសហសាល សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃសាលាភូមិន្ទរដ្ឋបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមនិងសិក្ខាកាមមន្ត្រីជាន់ខ្ពស់ សិក្ខាកាមមន្ត្រីមធ្យម នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាច្រើនរូប។

       នៅក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានផ្តល់កិច្ចសហការជាមួយសាលាភូមិន្ទរដ្ឋបាល ក្នុងការ រៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល នាពេលនេះ។  ឯកឧត្តម បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងក្លាយជាដៃគូរយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈក្នុងការបំពេញបេសសកម្មស្នូល ក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យរដ្ឋបាល ជាពិសេសមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន    រដ្ឋសភា ដើម្បីហ្វឹកហាត់ពួកគេឱ្យមានសមត្ថភាពឆ្លើយតបទាន់ពេលវេលា និងប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ទៅនឹងតម្រូវការអាទិភាពនិងគាំទ្រដល់ដំណើរការរបស់អង្គការនីតិប្បញ្ញត្តិ ដែលស្ថាប័នជាតិកំពូលនេះ  ឲ្យតែ ល្អប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមាន បញ្ជាក់បន្តថា ស្ថិតក្នុងទស្សនវិស័យនេះ កម្មវិធីបណ្តុះ បណ្តាលមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា              នឹងផ្តល់ជូនសិក្ខាកាមនូវការហ្វឹកហាត់បន្ថែមលើ “មុខជំនាញស្ថាប័ននយោបាយ រចនាសម្ព័ន្ធរដ្ឋបាល ភាពជាអ្នកដឹកនាំ នវានុវត្តន៍ ទំនាក់ទំនងសាធារណៈ ការគ្រប់គ្រងធនធានមនុស្ស ឌីជីថលតាមការចាំបាច់”។ ចំណែកសម្រាប់សិក្ខាកាមមន្ត្រីមធ្យមវិញ សាលានឹងផ្តល់ជូននូវ “ជំនាញការងារការិយាល័យ រដ្ឋបាល និងបដិសណ្ឋារកិច្ច ការតាក់តែងលិខិតរដ្ឋបាល រចនាសម្ព័ន្ធរដ្ឋបាល នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ និងព័ត៌មានវិទ្យាសម្រាប់កិច្ចការការិយាល័យ”។ ការរៀបចំកម្មវិធីសិក្សាទាំង២នេះ គឺឈរលើគោលដៅជាសារវន្តនៃទំនើបកម្មរដ្ឋបាលសាធារណៈ ដែលជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អ និងជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  ដើម្បីធានាបានថារាល់កិច្ចការសាធារណៈត្រូវបានប្រតិបត្តិដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចព្យាករណ៍បាន ដោយត្រូវប្រកាន់ខ្ជាប់នូវការគិតគូរផលប្រយោជន៍សាធារណៈជាធំ។ ជាការពិត ការបណ្តុះបណ្តាលមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ការបំពេញតួនាទីសំខាន់ៗរបស់រដ្ឋសភា ដោយរួមចំណែកពង្រឹងសមត្ថភាពមន្ត្រី ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ ប្រកបដោយវិន័យ គុណភាព គុណធម៌ និងនវា នុវត្តន៍ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។ 

         

         តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងារទទួលបន្ទុកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនថា

ផ្អែកលើលិខិតលេខ ០៨១ អ.រ.ស ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានកម្មវត្ថុសំណើសុំជួយគាំទ្របើកវគ្គបណ្តុះបណ្តាលជំនាញវគ្គខ្លីដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងចំណារឯកភាពរបស់ឯកឧត្តមនាយក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤, ក្រុមការងារទទួលបន្ទុក របស់សាលាភូមិន្ទរដ្ឋបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា បានសហការសម្របសម្រួល និងប្រជុំពិគ្រោះយោបល់ជាបន្តបន្ទាប់ឈានដល់ការឯកច្ឆន្ទលើការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីជាន់ខ្ពស់ ចំនួន ២០នាក់ (ស្រី ២នាក់) និងមន្ត្រីមធ្យម ចំនួន ៣៣នាក់ (ស្រី ១៥នាក់) ដែលមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖ • លើកកម្ពស់ការអភិវឌ្ឍចំណេះដឹងដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃការងារក្នុងក្របខ័ណ្ឌអភិបាលកិច្ច និងបរិវត្តកម្មរដ្ឋបាលសាធារណៈ ព្រមទាំងការផ្សារភ្ជាប់ នយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

• រៀបចំ និងផ្តល់ការបណ្តុះបណ្តាលដោយឡែក ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឱ្យសមស្របទៅនឹងតម្រូវការនៃការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា

• បង្កើនកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនេះ ជាមូលដ្ឋានគ្រឹះនៃបរិវត្តកម្មរដ្ឋបាលសាធារណៈស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

      

        តាមសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែង អំណរគុណដល់សាលាភូមិន្ទរដ្ឋបាល ក៏ដូចជាក្រសួងមុខងារសាធារណៈ ដែលបានសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីបង្កើននៅគុណភាព និងប្រសិទ្ធភាពដល់ការអនុវត្តការងាររបស់មន្ត្រីនៃអគ្គលេខាធិការដ្នានរដ្ឋសភា។ ឯកឧត្តម បានមាន ប្រសាសន៍បញ្ជាក់ថា ការងារបណ្តុះបណ្តាលគឺមានសារៈសំខាន់ ដោយមន្ត្រីរាជការគឺជាជន្ទល់នៃរបបនយោបាយ ដោយនៅខាងលើយើងមានអ្នកនយោបាយ ហើយនៅខាងក្រោមជាអ្នកគាំទ្រ គឺជាជន្ទល់នៃរបបនយោបាយរបស់យើង ដូច្នេះជន្ទល់នេះ ត្រូវតែមានភាពរឹងមាំ។ នៅក្នុងឱកាសនេះ ឯកឧត្តម ឡេង ប៉េងឡុង បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ត្រូវយកចិត្តទុកដាក់ និងខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តន៍នៅអង្គភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើនថែមទៀត៕