ការបន្តជួយពីរដ្ឋាភិបាលបារាំងនិងអូស្រ្តាលីនឹងជួយកម្ពុជាឈានឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថាការបន្តជួយពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលីដល់ពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។   លើសពីនេះទៀតក៏ស្របជាមួយនឹងគោលដៅទីបី “សុខភាព និងសុខមាលភាពល្អ“ នៃគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់កម្ពុជានាឆ្នាំ២០៣០ ផងដែរ ក្នុងការ ធានាបាននូវការរស់នៅប្រកបដោយផាសុខភាព និងលើកកម្ពស់សុខមាលភាពសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់វ័យដោយមិនទុកនរណាចោល ដែលជាចក្ខុវិស័យម៉ឹងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្ពោះទៅសម្រេចបានគោលដៅគ្របដណ្តប់សុខភាពជាសាកល នៅឆ្នាំ២០៣៥។

ថ្លែងក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB and SAPPHIREនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីនៅព្រឹកថ្ងៃទី៤មេសានេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា÷  ព្រឹត្តិការណ៍នៃការប្រកាសដាក់ឱ្យដំណើរការគម្រោងថ្ងៃនេះ ក៏បាន បង្ហាញផងដែរ ពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតរបស់មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងភាពជាដៃគូជាមួយនឹងអង្គការ KHANA ព្រមទាំងអង្គការដៃគូដទៃផ្សេងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នា ឆ្ពោះទៅបញ្ចប់ជំងឺរបេង តាមរយៈការពន្លឿនការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បានធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេឱ្យទទួលបានការព្យាបាលទាន់ពេល។

លោកជំទាវវេជ្ជបណ្ឌិតបានបន្តទៀតថា បន្ថែមលើសពីនេះគឺការជម្រុញឱ្យអ្នកដែលរស់នៅជាមួយអ្នកជំងឺរបេង រួមទាំងកុមារ ដែលមិនទាន់ធ្លាក់ខ្លួនឈឺ ទទួលបាននូវការព្យាបាលបង្ការជំងឺរបេងទាន់ពេលវេលា និងការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាពផ្ទាល់ខ្លួន តាមរយៈការទទួលបាននូវសារអប់រំសុខភាពនៅតាមសហគមន៍ និងតាមរយៈយន្តការផ្សព្វផ្សាយផ្សេងៗ។

លោកជំទាវ វេជ្ជបណ្ឌិតស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ៣៥%ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANA និងជាប្រធានគម្រោង SHIFT-TB និង SAPPHIREបានលើកឡើងថាគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈសមាហរណកម្មបទអន្តរាគមន៍លើកត្តាហានិភ័យ និងការស្វែងរកករណីរបេង ហៅកាត់ថា គម្រោង (SHIFT-TB) និងគម្រោងភាពជាដៃគូរអាស៊ីប៉ាស៊ីហ្វិក និងទីក្រុងស៊ីដនីសម្រាប់វិស័យសុខាភិបាល បែបនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីមានភាពធន់ ហៅកាត់ថា គម្រោង (SAPPHIRE) មានរយៈពេល៤៨ខែចាប់ពី២០២៥ដល់ឆ្នាំ២០២៨ដើម្បី ពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈបទអន្តរាគមន៍រួមបញ្ចូលកត្តាប្រឈមនានា និង ការស្វែងរកករណីរបេង ឬ (SHIFT-TB) នឹងត្រូវអនុវត្តជាបីជុំ ក្នុងភូមិទាំង ៩០ ជាមួយនឹងប្រជាជន ជាគោលដៅទាំងអស់ក្នុងភូមិទាំង៩០នេះគ្របដណ្តប់ខេត្តចំនួន២គឺខេត្តត្បូងឃ្មុំនិងខេត្តកំពង់ធំ។

លោកនាយកបានបន្តទៀតថា គោលដៅរួមនៃគម្រោងគឺពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈការអនុវត្តនូវអន្តរាគមន៍ ការស្រាវជ្រាវ របេងសកម្ម ក្នុងសហគមន៍ទាំងមូល និង អនុវត្តការផ្តល់សេវាថែទាំរួមបញ្ចូលគ្នា សម្រាប់អន្តរាគមន៍ កត្តាប្រឈមនឹងជំងឺរបេង។សម្របសម្រួលកិច្ចសហប្រតិបត្តិការពហុវិស័យ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍។បណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់មន្ត្រីសុខាភិបាលសាធារណៈ អ្នកស្ម័គ្រចិត្ត និង ប្រជាជនគោលដៅក្នុងការផ្តល់នូវយុទ្ធសាស្ត្រសមាហរណកម្មសេវាថែទាំ។ អនុវត្តការស្រាវជ្រាវរបេងសកម្មក្នុងសហគមន៍ទាំងមូល។ អនុវត្តសមាហរណកម្មសេវាសុខភាព ដើម្បីភ្ជាប់សកម្មភាពស្រាវជ្រាវរបេងសកម្ម និងការបង្ការ ជំងឺរបេង ដើម្បីឆ្លើយតបនឹងកត្តាប្រឈមនឹងជំងឺរបេងសំខាន់ៗ និងជំងឺផ្លូវដង្ហើមផ្សេងៗ ព្រម ទាំងសេវាសុខភាពផ្លូវភេទ និងបន្តពូជនិងសម្របសម្រួលការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាថែទាំសុខភាព និងមន្ត្រីមន្ទីរពិសោធន៍ក្នុង ការធ្វើវិមជ្ឈការប្រព័ន្ធព័ត៌មានគ្រប់គ្រងជំងឺរបេង (TB-MIS) ដល់ថ្នាក់មណ្ឌលសុខភាព៕