ការប្រកួតកីឡាខ្មែរហាប់គីដូ ជើងឯកថ្នាក់ជាតិលើកទី២ ទទួលបានភាពជោគជ័យ ដោយមានការ ចូលរួមពីកីឡាករ កីឡាការិនី ច្រើនជាងឆ្នាំកន្លងទៅ

ការប្រកួតកីឡាខ្មែរ ហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ បានបញ្ចប់ដោយជោគជ័យ និងទទួលបាន ការចូលរួមពី កីឡាករ កីឡាការិនី ច្រើនជាង ឆ្នាំមុន នេះជាការបញ្ជាក់ពី លោក គួច ហុងជៀក  ប្រធានស្តីទីសហព័ន្ធកីឡាខ្មែរ ហាប់គីដូកម្ពុជា ថ្លែងក្នុងពិធីបិទការប្រកួតកីឡាខ្មែរ ហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានប្រកួតកីឡាខ្មែរហាប់គីដូ នៃពហុកីឡដ្ឋាន រាជធានីភ្នំពេញ ។

លោក គួច ហុងជៀក  ប្រធានស្តីទី សហព័ន្ធកីឡាខ្មែរ ហាប់គីដូ បានជំរុញ នឹងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួម ប្រកួតប្រជែង ទទួលបានលទ្ធផល ទោះល្អ ឬមិនសូវល្អក្តី ក៏កុំបាក់ទឹកចិត្ត តែត្រូវពង្រឹងស្មារតី ប្រកួតប្រជែង ឱ្យបានល្អបន្ថែមទៀត ជាពិសេស ត្រូវដុសខាត់សមត្ថភាពឱ្យបានកាន់តែខ្លាំង។  លោកប្រធានស្តីទី បានបន្ថែមថា ការប្រកួតតែងមានឈ្នះ មានចាញ់ អ្វីដែលសំខាន់ការវាស់ស្ទង់នូវការហ្វឹកហាត់ ឬគុណភាព សមត្ថភាពរបស់កីឡាករ កីឡាការិនីម្នាក់ៗ ដើម្បីបង្កើនសមត្ថភាព កសាងមិត្តភាព សាមគ្គីភាព ព្រមទាំងអភិវឌ្ឍបច្ចេកទេសផងដែរ។ លោក គួច ហុងជៀក ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចូលរួមប្រកួតលើវិញ្ញាសាឱ្យបានច្រើន ពីព្រោះនេះជាទិសដៅរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីជំរុញ និងវាស់ស្ទង់កម្រិតបច្ចេកទេសធនធានកីឡាករ កីឡាការិនីល្អៗ ត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិ នាឆ្នាំ២០២៥ខាងមុខ។

ប្រធានស្តីទី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាណាព្យាបាលរបស់សិស្សគុនទាំងអស់ដែលតែងតែយល់ដឹង និងលើកទឹកចិត្តដល់កូនៗរបស់ខ្លួន ឱ្យចូលរួមហ្វឹកហាត់កីឡា ដើម្បីសុខភាពល្អ និងអាចក្លាយជាធនធានសម្រាប់ជាតិ ក្នុងវិស័យកីឡាផងដែរ។ លោកចាត់ទុកថា នេះជាការរួមចំណែកដ៏សំខាន់របស់អាណាព្យាបាលទាំងអស់ ក្នុងការលើកតម្កើនដល់សុខភាពរបស់សង្គមជាតិ ដោយកាលណាប្រជាជនយើងមានសុខភាពល្អ មានន័យថា ប្រទេសជាតិយើងសម្បូរទៅដោយធនធានមនុស្សច្រើនប្រកបដោយគុណភាពជីវិតកាន់តែល្អប្រសើរ ហើយជាការកាត់បន្ថយនូវភាពក្រីក្ររបស់ក្រុមគ្រួសារ រួមទាំងសង្គមជាតិយើងផងដែរ។

គួរបញ្ជាក់ដែរថា ការប្រកួតកីឡាខ្មែរហាប់គីដូ ជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤លើកទី២នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៤ ដោយមានការចូលរួម ពីសមាគម ក្លឹបចំនួ៥ រួមមាន៖ ក្លឹបធីណាហាប់គីដូ , ក្លឹប ឥន្ទ្រីយ៍ , ក្លឹបអូឡាំពិក , ក្លឹបម៉ាស្ទ័រសេង និង សមាគមកីឡាក្រសួងមហាផ្ទៃ ៕