ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា វេនទី១ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ ចាប់ផ្តើម
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា បានចាប់ផ្តើម ដោយទទួលបានវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប និងជាសក្ខីភាពជូនបេក្ខជនគ្រប់ៗគ្នា។
ក្នុងពេលកាត់វិញ្ញាសានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិញ្ញាសាត្រូវបានតាក់តែងឡើងនៅម៉ោង ៦៖០០នាទីព្រឹកនេះ ហើយសន្លឹកវិញ្ញាសាទើបបានថតចម្លងរួចរាល់ ដែលគ្រប់សន្លឹកវិញ្ញាសាទាំងអស់ មានការចុះហត្ថលេខាដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការរៀបចំប្រឡងប្រជែង។
តាមការគ្រោងទុក ការប្រឡងប្រជែងនារសៀលនេះ សម្រាប់វេនទី១៖ ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី ប្រើប្រាស់ ១២៤បន្ទប់ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ មកពីរាជធានីភ្នំពេញ និងខេត្តចំនួន១១ ផ្សេងទៀតរួមមាន៖ ខេត្តកណ្តាល, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។