ការអនុវត្តច្បាប់ដោយគ្មានច្បាប់អនុវត្ត៖ ភាពស្របច្បាប់ នៃការចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte បានចូលរួមសវនាការលើកដំបូង របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈតំណភ្ជាប់វីដេអូ។ ចាប់តាំងពីការចាប់ខ្លួន នៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តី នៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូល មានរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ ករណីនេះបានបង្ហាញពី “ប្រសិទ្ធភាពខ្ពស់” នៃការអនុវត្តច្បាប់ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រទេសហ្វីលីពីន បានដកខ្លួនចេញ ពីស្ថាប័ននេះជាផ្លូវការតាំងពីឆ្នាំ២០១៩មកម្ល៉េះ។

បន្ទាប់ពីយន្តហោះដែលឃុំឃាំង លោក Duterte បានហោះចេញពីទីក្រុងម៉ានីល លោកប្រធានាធិបតី ម៉ាកូស (Marcos) បានទទូចនៅក្នុងសុន្ទរកថាថ្លែង ទៅកាន់អ្នកសារព័ត៌មាន ថា លោកកំពុងបំពេញការប្តេជ្ញាចិត្តរបស់ហ្វីលីពីន ចំពោះអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) ដែលអង្គការនេះ បានចេញដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ លោក Marcos បានប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ អំពីកិច្ចការដែលគាត់បាន និងកំពុងតែអនុវត្តដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដោយសារតែប្រជាជនហ្វីលីពីនជាច្រើនមានការចោទសួរថា តើព្រំដែននៃយុត្តាធិការ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានវិសាលភាពដល់កម្រិតណា ក្នុងករណីប្រទេសមួយ បានផ្តាច់ខ្លួនចេញពីយុត្តាធិការ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះរួចហើយ។

ករណី”ដីកាចាប់ខ្លួន”លើកនេះ ញ៉ាំងឱ្យយើងគិតដល់ដីកាចាប់ខ្លួន លោកប្រធានាធិបតីរុស្ស៊ី ពូទីន (Putin) កាលពីមុន ដែលបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ លោក ពូទីន មិនបានយកចិត្តទុកដាក់ ហើយបានទៅទស្សនកិច្ច នៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសសមាជិក នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីឆ្នាំ២០២៤។ ក្រោយមកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានបញ្ជាក់ថា ប្រទេសម៉ុងហ្គោលី មានកាតព្វកិច្ចចាប់ខ្លួន លោក ពូទីន ហើយក្រសួងការបរទេស របស់ប្រទេសអ៊ុយក្រែន ក៏បានជំរុញឱ្យប្រទេសម៉ុងហ្គោលី ចាប់ខ្លួន លោក ពូទីន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ក្នុងនាមជាប្រទេសភាគី នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》បើយោងតាមទ្រឹស្ដី ប្រទេសម៉ុងហ្គោលី ត្រូវអនុវត្តកាតព្វកិច្ចចាប់ខ្លួន តាមខចែងមាត្រា៥៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ជាលទ្ធផល គឺម៉ុងហ្គោលី បានបដិសេធមិនអនុវត្តដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

 

“ដីកាចាប់ខ្លួន” ទាំងពីរ មើលទៅហាក់ដូចគ្នា ប៉ុន្តែមានលទ្ធផលខុសគ្នា។ តើកត្តាអ្វីខ្លះដែល នាំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជួបប្រទះនឹងស្ថានភាពខុសគ្នាទាំងស្រុង នៅក្នុងករណីដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នា? តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិមានតួនាទីអ្វីខ្លះ នៅក្នុងកិច្ចការអន្តរជាតិ ក្រោមឈ្មោះដែលមើលទៅ ហាក់ដូចជាមានភាពអង់អាចសម្រាប់បំភិតបំភ័យ?

 

យោងតាមមាត្រា១៣ នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចអនុវត្តយុត្តាធិការក្នុងស្ថានភាពដូចខាងក្រោមៈ

១. ប្រទេសជាភាគីកិច្ចសន្យានៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 ត្រូវបញ្ជូនស្ថានការណ៍ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីពិនិត្យផ្ទៀងផ្ទាត់។

២. ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជូនសំណុំរឿងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីដំណើរការជំនុំជម្រះក្តី។

៣. ព្រះរាជអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្ម័គ្រចិត្តស្នើឱ្យដំណើរការជំនុំជម្រះក្តីសំណុំរឿងនេះ។

ករណីនេះធ្វើឲ្យមានការងឿងឆ្ងល់ថា តើការចាប់ខ្លួនលោក Duterte បានធ្វើឡើងតាមបទប្បញ្ញត្តិខាងលើមួយណា?

ចំពោះភាពស្របច្បាប់ នៃការចាប់ខ្លួន លោក Duterte នៅតែត្រូវរង់ចាំការស៊ើបអង្កេត។ ប៉ុន្តែ អ្វីដែលគួរឲ្យប្រុងប្រយ័ត្ននោះ គឺថាលំនាំ នៃប្រតិបត្តិការ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងតែបង្កើតឡើង នូវព្រឹត្តិការណ៍នាំមុខនៃគ្រោះថ្នាក់។ ចំពោះករណី លោក Duterte លើកនេះ បច្ច័យសំខាន់ គឺជាទង្វើជ្រៀតជ្រែក ដល់អធិបតេយ្យភាព ប្រព័ន្ធតុលាការប្រទេសដទៃ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈយុត្តាធិការត្រលប់ថយក្រោយ។ បច្ច័យពិត គឺបង្កជាការបំផ្លិចបំផ្លាញជាលក្ខណៈប្រព័ន្ធ ដល់អធិបតេយ្យភាពប្រទេសដទៃ។ ប្រសិនបើលំនាំនេះ ត្រូវបានគេយកតម្រាប់តាម នោះវានឹងបណ្តាលឱ្យ កើតឡើងនូវអ្វីដែលហៅថា “អំណាចតុលាការអន្តរជាតិ” ស្ថិតនៅពីលើ អធិបតេយ្យភាពជាតិ ធ្វើឱ្យប្រព័ន្ធតុលាការអន្តរជាតិ ក្លាយជាឧបករណ៍ជ្រៀតជ្រែក របស់មហាអំណាចទាំងស្រុងតែម្តង។ (ប្រភពព័ត៌មាន DT-News)