កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ក្រោមមូលបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន»
កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នាសណ្ឋាគារសុខាភ្នំពេញ ជាទីដែលប្រារព្ធនូវសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ក្រោមមូលបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន»។
កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នេះ ដឹកនាំដោយ ឯកឧត្តម អង្គវង្ស វឌ្ឍានា សហប្រធានកិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ និងជាប្រធានគណៈកម្មការទី៦នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃកិច្ចប្រជុំចំនួន៧ប្រទេស ដូចជាកម្ពុជា ឆាដ កាមេរូន សាធារណរដ្ឋអាហ្វ្រិកកណ្តាល ហ្ស៊ីប៊ូទី តង់ហ្សានី និងស្រីលង្កា។
កិច្ចប្រជុំនាឱកាសនេះ បានផ្តោតទៅលើកិច្ចសហការគ្នា ដើម្បីផ្តល់យុត្តិធម៌ក្នុងសម័យសន្តិភាព និងក្នុងយុគសម័យក្រោយជម្លោះ ដើម្បីផ្តល់សន្តិភាពដល់អ្នកនៅរស់ និងយុត្តិធម៌ដល់អ្នកស្លាប់ ទប់ស្កាត់ការកើតឡើងនៃសង្រ្គាម ដែលនឹងកសាងមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងការបង្រួបបង្រួមជាតិ។ ពង្រឹងភាពធន់នៃសង្គម និងសហគមន៍ក្រោយវិវាទ និងការរួមរស់ដោយសន្តិភាពរវាងជនរងគ្រោះ សាក្សី និងជនល្មើស ក្នុងការលើកកម្ពស់សន្តិភាពយូរអង្វែងនៅថ្នាក់ជាតិ និងសហគមន៍។
កិច្ចប្រជុំ ក៏បានពិភាក្សាផងដែរ អំពីការតស៊ូមតិទាំងសងសឹក និងការស្ដារឡើងវិញនូវយុត្តិធម៌នៅក្នុងសង្គមក្រោយជម្លោះ ការពារសង្គម ក្រោយជម្លោះ កុំឱ្យកើតមានឡើងវិញក្នុងជម្លោះ ដោយការបញ្ចប់វប្បធម៌និទណ្ឌភាព និងធានាឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍រួម។ កសាងផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង រួមទាំងយន្តការស្វែងរកការពិត ការស្ដារឡើងវិញនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងការពង្រឹងសាមគ្គីភាពសង្គម តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំ បានយកចិត្តទុកដាក់ផងដែរ ឲ្យធ្វើការដើម្បីកំណត់អត្តសញ្ញាណ និងដោះស្រាយភាពអយុត្តិធម៌សង្គម សេដ្ឋកិច្ច និងនយោបាយដែលមានស្រាប់ តាមរយៈកំណែទម្រង់ដែលផ្តោតលើប្រជាជន និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យមានសន្តិភាពឈ្នះ-ឈ្នះ។
កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ បានប្រព្រឹត្តទៅស្របគ្នាទៅនឹងកិច្ចប្រជុំគណៈកម្មាធិការជំនាញ IPTP ចំនួន៤ទៀត គឺគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សា, គណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ, គណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខស្បៀង, និង
គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕