កិច្ចប្រជុំគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សានៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ក្រោមមូលបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន»

កិច្ចប្រជុំគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សានៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ក្រោមមូលបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន» បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

កិច្ចប្រជុំគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា ដឹកនាំដោយ ឯកឧត្តម កែប ជុតិម៉ា សហប្រធានកិច្ចប្រជុំគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារស៊ីវិល និងកិច្ចការព្រំដែនរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក សមាជិការជាច្រើនរូបទៀត។

កិច្ចប្រជ៉ំគណៈកម្មាធិការ សន្តិភាព និង ការ ផ្សះផ្សា ជាតិ
ក្នុងសម័យប្រជុំពេញអង្គលើកទី 11 នៃ IPTP បានផ្តោតលើ៖
វិធានការកសាងទំនុកចិត្ត និងបូរណភាពប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសន្តិភាព ការអប់រំ ភាពសុខដុមរមនា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ការអនុវត្តវិធានការ និងវិធានការបង្ការទុកជាមុន ដើម្បីទប់ស្កាត់ជម្លោះ និងកាត់បន្ថយភាពតានតឹង ដោយអនុវត្តតាមគោលការណ៍ “ការពារប្រសើរជាងព្យាបាល”។

កិច្ចប្រជ៉ំបានលើកពីសារៈសំខាន់នៃវិធីសាស្រ្តរួម និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយជម្លោះ ការធានាបាននូវការគាំទ្រគ្រប់គ្រាន់សម្រាប់ការស្តារ និងកសាងឡើងវិញនូវប្រទេសក្រោយជម្លោះ ជាពិសេសតាមរយៈការអប់រំ និងការស្តារឡើងវិញ និងដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព និងការរីកចម្រើនរបស់មនុស្សក្នុងយុគសម័យក្រោយជម្លោះ។

កិច្ចប្រជ៉ំគណៈកម្មាធិការ សន្តិភាព និង ការ ផ្សះផ្សា ក៍បានលើកឡើងពីការរួមគ្នាក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកំពស់តួនាទីរបស់ស្ត្រី និងយុវជនក្នុងការកសាងសន្តិភាព និងសន្តិសុខ និងក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងសង្គម។

សូមជម្រាបថា អាយភីធីភី គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព Global Council for Tolerance and Peace (GCTP) ដែលមានតួនាទីលើកកម្ពស់គុណតម្លៃនៃភាពអត់ឱន និងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការនិងការទូតអន្តរសភា និងជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ។ IPTP មានសមាជិកជាតំណាងសភាមកពីប្រមាណ១០០ប្រទេស នៅអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិកខាងជើង ដែលរដ្ឋសភាកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០២១៕