កិច្ចប្រជុំត្រៀមរៀបចំផែនការការងារការពារសុខភាព និងសង្រ្គោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

រាជធានីភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារសុខភាព និងសង្រ្គោះបន្ទាន់ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅថ្ងៃទី១០ខែកញ្ញាមុននេះដើម្បីត្រៀមរៀបចំផែនការការងារការពារសុខភាព និងសង្រ្គោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះពិភាក្សាត្រៀមរៀបចំផែនការ ការពារសុខភាព និង សង្គ្រោះបន្ទាន់មានដូចខាងក្រោម៖
•  រថយន្តគិលានសង្រ្គោះ ចូលរួមការពារសុខភាព ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យជាតិ
•  រថយន្តគិលានសង្រ្គោះ ចូលរួមការពារសុខភាព កីឡាករ កីឡាការិនី ចំណុះទូក តាមទីតាំងប្រចាំការ។

ក្នុងឱកាសព្រះរាជពិធីបុណ្យបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារសុខភាព និងសង្រ្គោះបន្ទាន់ បានគ្រោង និងរៀបចំអនុវត្តនៅផែនការ និងទីតាំងប្រចាំការ ដូចខាងក្រោម ៖
១. រថយន្តគិលានសង្រ្គោះ សរុប ចំនួន៧១គ្រឿង ក្រុមគ្រូពេទ្យ សរុបចំនួន ៥០៦នាក់ក្នុង១ថ្ងៃ
២. រថយន្តគ្លីនិកចល័ត សរុប ចំនួន០២គ្រឿង គ្រូពេទ្យប្រចាំការ ២៤នាក់ក្នុង១ថ្ងៃ
៣. ជម្រកតង់សុខភាព សរុប ១២តង់ គ្រូពេទ្យប្រចាំការ ៦៦នាក់ក្នុង១ថ្ងៃ
៤. ក្រុមគ្រូពេទ្យការពារសុខភាពចល័តសម្រាប់មហាជន និងអប់រំសុខភាពសរុបចំនួន៨៤នាក់ក្នុង១ថ្ងៃ
៥. ក្រុមគ្រូពេទ្យរថយន្តគិលានសង្រ្គោះប្រចាំការតាមគោលដៅ សរុបចំនួន ១ ៥១៨នាក់ក្នុងរយៈពេលបីថ្ងៃ ។

ជាកិច្ចបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមប្រជុំពិភាក្សាផែនការងាររៀបចំ ផែនការការពារសុខភាព និងសង្រ្គោះបន្ទាន់ ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ និងសូមជូនពរឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកម្មនេះ។