កិច្ចប្រជុំពិនិត្យលើការរៀបចំឯកសារក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា

នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
«ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” និងជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ “ក្របខណ្ឌ” នេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិកសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។
ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះបានដាក់ចេញនូវអភិក្រម ដូចខាងក្រោម៖
១. ការកំណត់កំពង់ផែយុទ្ធសាស្រ្តរបស់រដ្ឋ,
២. ការកំណត់សសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង ។
ទន្ទឹមនេះ, ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់អាជីវកម្មកំពង់ផែទន្លេ, “ក្របខណ្ឌ” នេះក៏បានកំណត់វិធានការចំពោះមុខ និងវិធានការរយៈពេលមធ្យម និងវែងនិងផែនការសកម្មភាពជូនក្រសួង-ស្ថាប័នជំនាញផងដែរ ។
ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សាលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះ របស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» នេះ ។
ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុងការផ្តល់យោបល់កែលម្អជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទន្លេជាមួយផ្លូវសមុទ្រ ដែលបានខិតខំដឹកនាំធ្វើការសិក្សាបន្ថែម និងកែសម្រួលស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលកន្លងមកធ្វើឱ្យសេចក្តីព្រាងនៃឯកសារ “ក្របខណ្ឌ” នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ ៕